ក្រសួងធនធានទឹក៖ តំបន់មាត់សមុទ្រចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ដ្រាក់ និងរលកខ្ពស់ៗ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថាមានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិមល បានឱ្យដឹងថា៖ “បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។
យោងតាមការព្យាករ សម្ពាធសកម្មមួយ( ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបខាងលើនឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្ដដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបជូនខាងលើ នឹងបង្កឱ្យ៖
១. តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។
២. តំបន់មាត់សមុទ្រ៖ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ដ្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើតការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម