សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវពង្រឹងការអប់រំពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ មិនត្រឹមតែបង្រៀនឱ្យចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំគុណធម៌ សីលធម៌ និងឥរិយាបថល្អ
(ញូវយ៉ក, អាមេរិក)៖ ថ្លែងក្នុងឱកាសដែលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាថា រាជរដ្ឋាភិបាលនឹងពង្រឹងចរិយាធម៌ដល់សិស្សពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ក្នុងប្រព័ន្ធអប់រំខ្មែរនៅនីតិកាលថ្មីនេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ គឺផ្តល់ទាំងគុណធម៌ សីលធម៌ និងឥរិយាបថល្អដល់ពួកគេផងដែរ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដានៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅក្រុងញូវយ៉ក សម្តេចធិបតី បានគូសរំលេចថា ការអប់រំត្រូវពឹងផ្អែកលើនៅផ្ទះគឺអាណាព្យាបាល សាលារៀន(គ្រូ) និងបរិស្ថានសង្គមជុំវិញ។ ប៉ុន្តែអាណាព្យាបាលនាពេលបច្ចុប្បន្នមមាញឹកខ្លាំងនឹងការងារចិញ្ចឹមជីវិត ជាហេតុធ្វើឱ្យគាត់មិនសូវមានពេលអប់រំកូនចៅ។
ដើម្បីបំពេញការខ្វះចន្លោះរបស់ឪពុកម្តាយបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានតែការបន្ថែមតួនាទីនៃការអប់រំនៅតាមសាលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ចរិយាធម៌សំខាន់ណាស់សម្រាប់ធនធានមនុស្សរបស់យើង។ គុណធម៌ សីលធម៌ ផ្នត់គំនិត របស់យុវជនរបស់យើងត្រូវរៀបចំតាំងពីក្មេងមក។ អ៊ីចឹងបានខ្ញុំឱ្យក្រសួងអប់រំរៀបចំបញ្ចូលកម្មវិធីមួយចំនួន ដើម្បីបំផុសការស្ម័គ្រចិត្តជួយសហគមន៍ ការចេះជួយយកអសាគ្នា»។
សម្តេចធិបតី បានបន្ថែមថា «សមត្ថភាពចំណេះដឹងយើងត្រូវគិតហើយ ប៉ុន្តែបើមានតែសមត្ថភាពខ្វះចរិយាធម៌ ខ្វះគុណធម៌ ក៏មិនកើត យើងត្រូវតែពង្រឹង។ អ៊ីចឹងបានត្រូវពង្រឹងតាំងពីក្មេងតែម្តង គឺពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នេះគោលដៅអាទិភាពសំខាន់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា ដើម្បីឱ្យសិស្សគេផុតពីអបាយមុខនានា ឬមានពេលវេលាទៅធ្វើរឿងមិនល្អ គឺត្រូវរកកម្មវិធីសាលា កម្មវិធីសង្គមឱ្យបានច្រើនឱ្យគាត់ចូលរួម៕




អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងព័ត៌មាន