បច្ចេកវិទ្យា

សាកថ្ម iPhone អត់ចូល? កុំអាលភ័យ សាកវិធីសាស្ត្រទាំងនេះសិន…

BY
Khmernote Media
March 9, 2018

ប្រសិនបើ iPhone របស់អ្នកសាកថ្មមិនចូល នោះអ្នកប្រាកដជាត្រៀមលុយផ្លាស់ប្ដូរថ្មថ្មីហើយ រឺជួនកាលដល់ថ្នាក់ប្ដូរ iPhone ថ្មីតែម្ដង។ ជាការពិតណាស់ ការសាកថ្មមិនចូលអាចបណ្ដាលមកពីមូលហេតុមួយចំនួន ពោលគឺមិនមែនមកពីថ្មទាំងអស់នោះទេ ហើយខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចសាកល្បងដោយខ្លួនឯងបាន មុននឹងសម្រេចចិត្តចូលជាង។

1/ Restart iPhone

ការ Restart ស្មាតហ្វូនមិនមែនអត់ប្រយោជន៍ទេ ពោលគឺពេលខ្លះទោះជាមិនមានបញ្ហាអី ក៏អ្នកជំនាញផ្នែកបច្ចេកវិទ្យាឲ្យអ្នកឧសហ្សាហ៍ Restart ដែរ ព្រោះវាអាចជួយបិទកម្មវិធីដែលដំណើរការចោល និងជួយឲ្យកម្មវិធីអសកម្មមួយចំនួនដំណើរការវិញធម្មតាដែរ។ ចំពោះ iPhone គឺដូចគ្នា ក្រុមហ៊ុន Apple បានបង្កើតកម្មវិធីពិសេសមួយឡើងដើម្បីបំពាក់ក្នុង iPhone ដែលវាអាចនឹងជួសជុលបញ្ហាមួយចំនួនបាន ដោយគ្រាន់តែ Restart ប៉ុណ្ណោះ។

2/ ផ្លាស់ប្ដូរខ្សែ USB ថ្មី

សម្រាប់ការសាកថ្មមិនចូល ក៏អាចបណ្ដាលមកពីខ្សែសាកខូចដែរ ហើយវិធីសាស្ត្រដើម្បីដឹងពីមូលហេតុច្បាស់ អ្នកគួរសាកល្បងប្ដូរខ្សែសាកថ្មី រួចសាកល្បងដោតសាកម្ដងទៀត។ ប្រសិនបើនៅតែមិនចូល នោះអ្នកត្រូវរកដំណោះស្រាយផ្សេងទៀតហើយ។

3/ ផ្លាស់ប្ដូរក្បាលឆ្នាំងសាក

ក្រៅពីខ្សែ ក្បាលឆ្នាំសាកក៏អាចជាបញ្ហាបណ្ដាលឲ្យសាកថ្មមិនចូលដែរ។ ជាការពិតណាស់ អ្នកគួរប្រើប្រាស់ផលិតផលពិតរបស់ក្រុមហ៊ុន ជាជាងប្រើរបស់ក្លែងក្លាយ ព្រោះវាអាចធ្វើឲ្យគុណភាពថ្មខូច រឺបង្កគ្រោះថ្នាក់ទៀតផង។ ដូចនេះ ដើម្បីដោះស្រាយបញ្ហា អ្នកគួរសាកល្បងផ្លាស់ប្ដូរក្បាលឆ្នាំងសាកចោល។

4/ ឆែកមើលរន្ធ USB

ប្រសិបើអ្នកប្រើប្រាស់រន្ធសាកថ្ម USB ត្រឹមត្រូវហើយ ប៉ុន្ដែ iPhone នៅតែមិនសាកថ្ម នោះរន្ធ USB អាចនឹងខូចហើយ។ វិធីដោះស្រាយគឺយកខ្សែ USB ថ្មីមួយទៀតមកដាក់ដោត រួចភ្ជាប់ទៅនឹងកុំព្យូទ័រ ប្រសិនបើសូម្បីតែកុំព្យូទ័រនៅតែមិនស្គាល់ទៀត នោះរន្ធ USB លើ iPhone គឺខូច 100% ហើយ។

5/ កុំសាកថ្មតាមរយៈក្ដារចុច

ក្ដារចុចខ្លះមានភ្ជាប់មកជាមួយនឹងរន្ធ USB ដែលអាចឲ្យអ្នកសាកថ្ម រឺភ្ជាប់ទៅនឹងឧបករណ៍ផ្សេងៗបាន។ ប៉ុន្ដែ អ្នកគួរដឹងថា iPhone គឺត្រូវការថាមពលខ្លាំងដើម្បីសាក ដូចនេះប្រសិនបើអ្នកសាកវាមិនបានត្រឹមត្រូវទេ នោះ iPhone អាចនឹងសាកថ្មចូលយឺត រឺខូចថ្មតែម្ដង។

6/ ប្រើមុខងារ iPhone Recovery Mode

ពេលខ្លះ បញ្ហាដែលកើតមាននៅលើ iPhone របស់អ្នក ទាមទារឲ្យមានការដោះស្រាយខ្ពស់ និងច្រើន

ហើយមួយក្នុងចំណោមជំហានទាំងនោះ គឺប្រើប្រាស់មុខងារ Recovery Mode។ មុខងារនេះស្រដៀងគ្នាទៅនឹង Restart ដែរ ប៉ុន្ដែអាចដោះស្រាយលើបញ្ហាមួយចំនួនដែរ។ គួរបញ្ជាក់ផងដែរថា Recovery Mode ក៏នឹងអាចជួយឲ្យអ្នកទទួលបានមកវិញនូវអ្វីដែលអ្នកបានលុបចោលផងដែរ។

7/ ឆែកមើលកំទេចកំទីដីក្នុងហោប៉ៅ និងរន្ធសាកថ្ម iPhone

នេះគឺជាបង្ហាញដ៏ធំមួយ និងមនុស្សភាគច្រើនតែងតែជួបប្រទះ។ ជាក់ស្ដែង ជានិច្ចកាលអ្នកគួរឧស្សាហ៍ឆែកមើលហោប៉ៅខ្លួន ដើម្បីប្រាកដថាកំទេចកំទី រឺធូលីដីនឹងមិនរត់ទៅចូលរន្ធសាកថ្ម iPhone អ្នកឡើយ។ អ្នកអាចនឹងមិនដឹងថា ប្រសិនបើដី រឺធូលីទាំងនោះចូលច្រើនទៅក្នុងរន្ធសាកថ្ម Lightning របស់ iPhone នោះអ្នកនឹងមិនអាចសាកថ្មបានឡើយ ពោលគឺសាកមិនចូលតែម្ដង។

8/ ថ្មរបស់អ្នកខូចហើយ

ប្រសិនបើវិធីសាស្ត្រទាំង7 ខាងលើមិនបានផ្ដល់លទ្ធផលដល់អ្នកទេ នោះថ្មរបស់ iPhone អ្នកអាចនឹងខូចហើយ។ វិធីដោះស្រាយគឺងាយបំផុត ដោយអ្នកត្រូវប្ដូរថ្មថ្មី។

Fu

ប្រភព៖ lifewire

Share This Post: