ត្រៀមអាវភ្លៀងទុកផង! ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ
(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ក្រសួងបានជូនដំណឹងថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។

ដោយឡែកនៅសមុទ្រប៉ាស៊ីហ្វិកឯណោះវិញ ព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» បាននិងកំពុងដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៦ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ)។
បានបន្ថែមទៀតថា ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៖
– នៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា បណ្ដាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន្ដ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០%។
– រីឯរាជធានី និងបណ្ដាខេត្តដទៃនៅភាគខាងត្បូង ខាងកើត ជាប់ប្រទេសរៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ៦០-៨០%៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម