ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹងពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចំពោះមីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់

    BY Nisaiy KN October 1, 2023
    អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹងពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចំពោះមីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់

    (ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

    តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។

    ក្នុងពេល និងក្រោយពេលទឹកជំនន់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបានប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

    ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរមីនសូមធ្វើការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនខេត្ត-រាជធានី ព្រមទាំងអំពាវនាវដល់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសហការអនុវត្តនូវវិធានការដូចខាងក្រោម៖

    ១៖ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

    ២៖ ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

    ៣៖ រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹកជំនន់សម្រាប់ផ្តល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបណ្ដាញមីន ស្ម័គ្រចិត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់

    ៤៖ ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍

    ៥៖ ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់
    ទទួលបានសេចក្ដីជូនដំណឹងនេះ សូមលោក លោកស្រី ដែលជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តរាជធានី ក៏ដូចជាគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ មេត្តាចូលរួមសហការ និងអនុវត្ត តាមការគួរ៕



    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: