ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ និស្សិតខ្មែរម្នាក់ ត្រូវបានបាត់បង់ជីវិត
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មាននិស្សិតខ្មែរម្នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។
រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។
ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំ ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។
រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាព របស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងជម្រាបជូនព័ត៌មានជាបន្ដបន្ទាប់ដល់បងប្អូនជនរួមជាតិបានជ្រាបអំពីការវិវឌ្ឍន៍នៃស្ថានការណ៍នេះ៕


អត្ថបទ៖ និស្ស័យ