ក្រសួងធនធានទឹក ជូនដំណឹងពីថ្ងៃទី៨ ដល់ទី១០ ខែតុលា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ក្រសួងបានជូនដំណឹងថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។។

ដោយឡែក ព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។
តាមការព្យាករ ព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹង នៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់កម្ពុជាទេ។
បានបន្ថែមទៀតថា ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៖
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០-៧០%៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិមយ