ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ស្វាគមន៍កូនផ្សោតកើតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

    BY Nisaiy KN November 5, 2023
    អបអរសាទរ! ស្វាគមន៍កូនផ្សោតកើតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ នៅអន្លង់កាំពី ខេត្តក្រចេះ។

    បានបន្ថែមទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ មានសេចក្ដីសោមនស្សរីករាយជម្រាបជូនសាធារជនជ្រាបថា កូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវប្រទះឃើញនៅវេលាម៉ោង ១៣ និង៥០នាទីរសៀល នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។

    បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ២ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ។
    សូមជម្រាបជូនដែរថា កូនផ្សោតកើតថ្មីនេះជាកូនផ្សោតទី៨ហើយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: