ច្បាស់ការហើយ! រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅខេត្តកែប
(ខេត្តកែប)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ៤រោច-៥រោច-៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១-២-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។

បន្ថែមផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ មានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ដ ដូចខាងក្រោម៖
១. ការសម្ដែងសិល្បៈ ការប្រគុំតន្ដ្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្ដរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣។
២. មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានាផងដែរ។
អាស្រ័យហេតុនេះ សូមអញ្ជើញ ភ្ញៀវជាតិ-អន្ដរជាតិ និងសាធារណជនចូលរួមទស្សនា និងកម្សាន្ដដោយមេត្រី៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងព័ត៌មាន