ហ្វីលីពីនរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ ដែលបង្ខំឲ្យពលរដ្ឋជាង ៤ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- December 3, 2023
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គ្រោះរញ្ជួយទី១ បានកើតឡើងក្នុងកម្រិត ៦,៤រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី២ មានកម្រិត ៦,២រ៉ិចទ័រ ខណៈកាលពីថ្ងៃទី ១ ខែធ្នូកន្លងទៅនេះហ្វីលីពីនក៏បានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រម្តងរួចហើយដែរ។

ប្រភពខាងលើបានបន្តថា តំបន់ដែលបានរងនូវការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺជាតំបន់ឆ្នេរដែលស្ថិតនៅភាពខាងត្បូងនៃប្រទេសហ្វីលីពីន ដោយគ្រោះរញ្ជួយដីបានកើតឡើងនៅតាមទីក្រុង និងតំបន់ប្រជុំជនជាច្រើនកន្លែងដាច់ដោយឡែកពីគ្នា។ នៅចំពោះមុខគ្រោះថ្នាក់បន្ទាន់នេះអាជ្ញាធរហ្វីលីពីនបានបញ្ជាឲ្យពលរដ្ឋប្រមាណជា ៤៥,០០០នាក់ត្រូវជម្លៀសខ្លួនដោយថ្មើរជើងចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិនទម្រាំស្ថានការណ៍អាចត្រលប់មករកភាពប្រក្រតីឡើងវិញ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថាមានអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈមានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលបានរងរបួស៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






