ចៅក្រមស៊ើបសួរ នៃសាលាដំបូង សម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ យោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់។

លោកខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា ម្សិលមិញ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស គឺបទ រំលោភអំណាច (បទរំលោភអំណាច ផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល)តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងបទសម្អាតប្រាក់ (ផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ឬ រហូតស្មើតម្លៃកម្មវត្ថុនៃការសម្អាតប្រាក់) មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
គួររំលឹកផងដែរថា មុនពេលចាប់ខ្លួន លោក ខេង យ័ន ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

ប្រភព៖ Freshnews