អន្តរជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅម៉ាឡេស៊ី

BY
Pheakdey
February 14, 2024

ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះថ្នាក់បានកើតឡើងកាលពីរសៀលនៃថ្ងៃទី១៣​ ខែកុម្ភៈ ខណៈទីកន្លែងដែលយន្តហោះបានធ្លាក់គឺនៅក្នុងចំការដូងប្រេង​ក្នុងរដ្ឋ Selangor ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះ គឺជាយន្តហោះខ្នាតតូចសម្រាប់ដឹកអ្នកដំណើរបែបកំសាន្តប៉ុណ្ណោះ។ បើតាមអាជ្ញាធរអាកាសចរណ៍ម៉ាឡេស៊ីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ២នាក់នោះ គឺមានជនរងគ្រោះម្នាក់ជាគ្រូបណ្តុះបណ្តាលផ្នែកបើកយន្តហោះឲ្យក្រុមហ៊ុនផ្តល់សេវាហោះហើរបែបកំសាន្តមួយកន្លែង ខណៈរូបគាត់ក៏ជាអ្នកបើកយន្តហោះដែលបានធ្លាក់នោះដោយផ្ទាល់ផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: