អន្តរជាតិ

ម៉ូតូជាច្រើនគ្រឿងត្រូវអាជ្ញាធរវៀតណាមយកទៅដាក់គរចោលដូចសំរាម ក្រោយម្ចាស់ម៉ូតូទាំងនោះមិនព្រមទៅបង់ប្រាក់ពិន័យចំពោះបទល្មើស “បើកបរក្នុងពេលស្រវឹង”

BY
Pheakdey
February 15, 2024

វៀតណាម៖ ម៉ូតូចាស់ៗឲជាច្រើនគ្រឿងត្រូវបានអាជ្ញាធរក្រុងហូជីមិញយកទៅដាក់គរលើគ្នាដូចសំរាម ក្រោយម្ចាស់ម៉ូតូទាំងនោះមិនព្រមទៅបង់ប្រាក់ពិន័យដើម្បីយកម៉ូតូទាំងនោះមកវិញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី១៥ ខែកុម្ភនេះបានបញ្ជាក់ថា ប្រាក់ដែលអាជ្ញាធរក្រុងហូជីមិញត្រូវពិន័យពីម្ចាស់ម៉ូតូទាំងនោះគឺជាការពិន័យចំពោះបទល្មើសបើកបរក្នុងពេលស្រវឹង។

គួរកត់សម្គាល់ថាក្នុងរយៈពេលប៉់ុន្មានឆ្នាំចុងក្រោយនេះវៀតណាមបានរឹតបន្តឹងលើច្បាប់ចរាចរណ៍យ៉ាងខ្លាំង ជាពិសេសនោះគឺការបើកបរក្នុងពេលស្ររឹងតែម្តង ដោយអាជ្ញាធរវៀតណាមបានហៅយុទ្ធនាការនេះថា “គ្មានការលើកលែងចំពោះអ្នកបើកបរក្នុងពេលស្រវឹង”។ ក្នុងការអនុវត្តវិធានការដ៏តឹងរឹងនេះ អាជ្ញាធរវៀតណាមក៏បានដំឡើងប្រាក់ដែលត្រូវផាកពិន័យយ៉ាងខ្ពស់ផងដែរ ពោលគឺអាចមានតម្លៃរហូតដល់ ៣០០ដុល្លារ។ ដោយសារតែប្រាក់ផាកពិន័យមានតម្លៃខ្ពស់ដូចនេះហើយ ទើបម្ចាស់ម៉ូតូមួយចំនួនសម្រេចទុកម៉ូតូចោលនៅប៉ុស្តិ៍ប៉ូលិសតែម្តង ដ្បិតទំហំប្រាក់ដែលត្រូវផាកពិន័យនោះអាចមានតម្លៃប្រហាក់ប្រហែលនឹងម៉ូតូរបស់ពួកគាត់ទៅហើយ។ សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០២២កន្លងទៅអាជ្ញាធរក្រុងហូជីមិញបានរឹបម៉ូតូចំនួន ១៥៥,០០០គ្រឿងពីម្ចាស់ដែលបានបើកបរក្នុងពេលស្រវឹង៕

អត្ថបទ៖ ភក្តី់

ប្រភព៖  The Strait Time

 

Share This Post: