អន្តរជាតិ

ថៃអនុវត្តយុទ្ធនាការផ្តល់ប្រាក់ធានារ៉ាប់រងសុខភាពយ៉ាងច្រើនជូនភ្ញៀវទេសចរអន្តរជាតិដែលកើតមានបញ្ហាផ្សេងៗក្នុងអំឡុងពេលមកកម្សាន្តក្នុងប្រទេសខ្លួន

BY
Pheakdey
February 16, 2024

ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចអនុវត្តយុទ្ធនាការផ្តល់ប្រាក់ធានារ៉ាប់រងសុខភាពនិងអាយុជីវិតក្នុងទំហំទឹកប្រាក់រហូតដល់ ១លានបាត (២៧,៦៧២ ដុល្លារអាមេរិក) ចំពោះភ្ញៀវទេសចរអន្តរជាតិដែលកើតមានបញ្ហាផ្សេងៗក្នុងអំឡុងពេលមកកម្សាន្តក្នុងប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ។ ការសម្រេចអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកំសាន្តនៅក្នុងប្រទេសថៃឲ្យបានកាន់តែច្រើន ខណៈវិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់សេដ្ឋកិច្ចជាតិថៃ។

ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តគម្រោងផ្តល់ប្រាក់ធានារ៉ាប់រងនេះគឺអាជ្ញាធរថៃនឹងប្រើប្រាស់ថវិកាដែលជាកញ្ចប់ថវិកាអនុម័តទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាមានអាសន្ន ហើយនៅក្នុងដំណាក់កាលដំបូងនេះអាជ្ញាធរថៃបានត្រៀមថវិកាចំនួន ៥០លានបាត (ជាង ១,៣លានដុល្លារអាមេរិក)។ យុទ្ធនាការពិសេសនេះនឹងត្រូវអនុវត្តចំពោះគ្រប់អ្នកដំណើរអន្តរជាតិដែលបានមកដល់ទឹកដីថៃចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១​​ ខែសីហា ឆ្នាំ២០២៤ ដោយនីតិវិធីក្នុងការផ្តល់ប្រាក់នឹងត្រូវគោរពតាមលក្ខខណ្ឌចំនួន​ ៣ដូចខាងក្រោម៖

-លក្ខខណ្ឌទី ១៖ ក្នុងករណីដែលភ្ញៀវទេសចរអន្តរជាតិម្នាក់មានគ្រោះថ្នាក់រហូតដល់បាត់បង់សេរីរាង្គណាមួយជាអចិន្ត្រៃយ៍ ឬមានពិការភាពជាអចិន្ត្រៃយ៍នឹងត្រូវផ្តល់ប្រាក់សងជំងឺចិត្តចំនួន ៣០០,០០០បាត (៨,៣០០ដុល្លារអាមេរិក)។

-លក្ខខណ្ឌទី២៖ ការផ្តល់ប្រាក់លើសេវាព្យាបាលផ្សេងៗនឹងត្រូវផ្តល់ជូនតាមតម្រូវការជាក់ស្តែង តែមិនលើសពីចំនួន ៥០០,០០០បាត (១៣,៨៣៤ដុល្លារ)​នោះទេ។

-លក្ខខណ្ឌទី៣៖ ក្នុងករណីស្លាប់បាត់បង់ជីវិតគឺប្រាក់សំណងសម្រាប់មនុស្សម្នាក់មានចំនួន ១លានបាត (២៧,៦៧២ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: