អន្តរជាតិ

នាយកសាលានៅជប៉ុនម្នាក់ត្រូវបញ្ឈប់ពីការងារភ្លាមៗជុំវិញករណីលួចកាហ្វេនៅក្នុងហាងក្រោមរូបភាពបង់ប្រាក់សម្រាប់កាហ្វេកែវធម្មតាតែទៅបន្លំចុចយកកាហ្វេកែវធំ

BY
Pheakdey
February 16, 2024

ជប៉ុន៖ នាយកសាលារៀនជនជាតិជប៉ុនម្នាក់ត្រូវបានបញ្ឈប់ពីការងារភ្លាមៗក្រោយរូបគាត់បានធ្វើសកម្មភាពលួចកាហ្វេនៅក្នុងហាងតាមរយៈធ្វើការបង់ប្រាក់សម្រាប់ទិញកាហ្វេខ្នាតធម្មតា តែពេលទៅចុចយកកាហ្វេគឺគាត់បានបន្លំចុចយកកាហ្វេកែវធំ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះបានឲ្យដឹងថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង​ Takasago ខណៈលោកនាយកអនុវិទ្យាល័យរូបនោះមានវ័យ ៥៩ឆ្នាំ ពោលគឺវ័យជិតចូលនិវត្តន៍ពីការងារទៅហើយ។

គួរបញ្ជាក់ជូនថា សម្រាប់ការបញ្ជាទិញកាហ្វេនៅក្នុងហាងដែលជាទីកន្លែងកើតហេតុខាងនេះគឺតម្រូវឲ្យអ្នកទិញត្រូវបង់ប្រាក់ជាមុនរួចកាន់កែវទៅចុចយកកាហ្វេពីម៉ាស៊ីនដោយខ្លួនឯង។ ប្រភពខាងលើបានបន្តថា សម្រាប់កាហ្វេកែវធម្មតាគឺមានតម្លៃ ១១០យេន (០,៧៣ដុល្លារ) និងកាហ្វេកែវធំគឺមានតម្លៃ ១៨០យេន (១,២​ដុល្លារ) ខណៈលោកនាយកសាលារៀនខាងលើនេះបានធ្វើសកម្មភាពបន្លំយកកាហ្វេចំនួន ៧ដងរួចហើយនៅក្នុងហាងពីកន្លែងផ្សេងគ្នាមុនពេលត្រូវបានគេចាប់ខ្លួន ហើយបើគិតពីទំហំទឹកប្រាក់ដែលគាត់បានបន្លំគេនោះគឺមានចំនួនត្រឹមតែ ៤៩០យេន (៣,២៦ដុល្លារ) ប៉ុណ្ណោះ។ យ៉ាងណាក្តី ក្រោយត្រូវបានបញ្ឈប់ពីការងារជាបន្ទាន់ដូចនេះ លោកនាយកសាលារូបនេះត្រូវខាតបង់ប្រាក់ខែអស់ជាច្រើនរួមជាមួយនឹងប្រាក់សោធននិវត្តន៍ចំនួន ២០លានយេន (ជាង ១៣ម៉ឺនដុល្លារ) ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: