តុលាការសិង្ហបុរីសម្រេចផ្តល់ប្រាក់រង្វាន់ ២,៥លានដុល្លារដល់ស្រ្តីជាអតីតប៉ូលិសម្នាក់ដែលបានរងរបួសខួរក្បាលធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
- BY
- Pheakdey
- February 16, 2024
សិង្ហបុរី៖ ស្រ្តីដែលជាអតីតប៉ូលិសនៅក្នុងប្រទេសសិង្ហបុរីម្នាក់ត្រូវបានតុលាការសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ ៣,៤លានដុល្លារសិង្ហបុរី (២,៥លានដុល្លារអាមេរិក) ជុំវិញករណីដែលរូបគាត់បានរងរបួសខួរក្បាលធ្ងន់ធ្ងរក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ ២០១៦កន្លងទៅ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Rajina Sharma Rajandran បច្ចុប្បន្នមានអាយុ ៣៩ឆ្នាំ។

ប្រភពខាងលើបាបន្តថា នៅក្នុងថ្ងៃកើតហេតុនោះស្រ្តីជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងជាមួយប្តីរបស់គាត់ឈ្មោះ Theyvasigamani Periasamy ដោយបុរសជាប្តីគឺជាអ្នកបើកម៉ូតូ។ ក្នុងអំឡុងពេលកំពុងធ្វើដំណើរនោះម៉ូតូរបស់ស្រ្តីរងគ្រោះបានប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿងទៀត ហើយជាអកុសលគឺអ្នកនាង Rajina Sharma Rajandran បានរងរបួសធ្ងន់ធ្ងរជាងគេ ខណៈប្តីរបស់គាត់និងបុរសជាម្ចាស់ម៉ូតូមួយគ្រឿងទៀតនោះបានរងរបួសស្រាលប៉ុណ្ណោះ។ ក្រោយបើកការស៊ើបបង្កេតទៅលើអង្គហេតុអស់រយៈពេលជាយូរ និងផ្អែកលើស្ថានភាពជំងឺរបស់អ្នកនាង Rajina Sharma Rajandran តុលាការសិង្ហបុរីកាលពីពេលថ្មីៗនេះបានសម្រេចឲ្យស្រ្តីរងគ្រោះត្រូវទទួលប្រាក់លើកទឹកចិត្តរហូតដល់ ៣,៤លានដុល្លារសិង្ហបុរី (២,៥លានដុល្លារអាមេរិក) ដោយក្នុងនោះបុរសជាប្តីរបស់គាត់ត្រូវទទួលខុសត្រូវលើប្រាក់ចំនួន ៧៥% និងបុរសដែលជាភាគីជិះម៉ូតូបុកគ្នាម្ខាងទៀតត្រូវទទួលខុសត្រូវចំនួន ២៥%។ សូមបញ្ជាក់ថា ប្រាក់ចំនួន ៧៥%ដែលប្តីរបស់ស្រ្តីរងគ្រោះត្រូវបង់ជាប្រាក់សំណងនោះ នឹងត្រូវទូទាត់យកពីក្រុមហ៊ុនធានារ៉ាប់រង ពោលគឺវាមិនមែនជាលុយផ្ទាល់របស់គាត់ឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






