អន្តរជាតិ

តុលាការក្រុងញូវយ៉កបង្គាប់ឲ្យលោក ដូណាល់ ត្រាំ បង់ប្រាក់ពិន័យជាង ៣៥០លានដុល្លារជុំវិញករណីបំប៉ោងទ្រព្យសម្បត្តិផ្ទាល់ខ្លួន

BY
Pheakdey
February 17, 2024

អាមេរិក៖ ចៅក្រមក្នុងតុលាការក្រុងញូវយ៉ក​បានបង្គាប់ឲ្យលោក ដូណាល់ ត្រាំ ត្រូវបង់ប្រាក់ពិន័យចំនួន ៣៥៤,៩លានដុល្លារជុំវិញករណីដែលបានរូបលោកបានផ្តល់ព័ត៌មានមិនពិតចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះ។ បន្ថែមពីលើការពិន័យជាប្រាក់នេះ លោកចៅក្រម Arthur Engoron ក៏បានហាមឃាត់លោក ដូណាល់ ត្រាំ មិនឲ្យបម្រើការងារជាមន្ត្រី ឬនាយកនៃសាជីវកម្មក្រុងញូវយ៉កក្នុងរយៈពេលបីឆ្នាំផងដែរ។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះពិភពលោកទាំងមូលបានដឹងថា លោក ដូណាល់ ត្រាំ គឺជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនម្នាក់នៅលើពិភពលោក ពោលគឺយោងតាមការវាយតម្លៃអតីតប្រធានាធិបតីអាមេរិករូបនេះអាចមានទ្រព្យសម្បត្តិសរុបខ្ទង់ ៣,៦ពាន់លានដុល្លារ។ យ៉ាងណាក្តីសម្រាប់តុលាការក្រុងញូវយ៉ក​បានរកឃើញថា តួលេខនៃទំហំទ្រព្យសម្បត្តិនេះគឺជាការបំប៉ោងបន្ថែមពីសំណាក់លោក ដូណាល់ ត្រាំ ដើម្បីផ្តល់ភាពស្រួលដល់រូបគាត់ក្នុងការខ្ជីប្រាក់ពីធនាគារសម្រាប់យកមកធ្វើអាជីវកម្មផ្សេងៗ។ សម្រាប់លោក  ដូណាល់ ត្រាំ បានច្រានចោលការចោទប្រកាន់ខាងនេះនិងបានអះអាងថា វាគ្រាន់តែជាបញ្ហានយោបាយដែលគេព្យាយាមដាក់បន្ទុកមកលើរូបលោកមុនពេលការបោះឆ្នោតជាតិចូលមកដល់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: