សីតុណ្ហភាពនៅភាគខាងលិចខេត្ត Xinjiang ប្រទេសចិនបានចុះដល់ -៥២,៣អង្សាសេ ដែលកម្រិតត្រជាក់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះ
- BY
- Pheakdey
- February 19, 2024
ចិន៖ សីតុណ្ហភាពនៅក្នុងតំបន់ភាគខាងលិចនៃខេត្ត Xinjiang ប្រទេសចិនបានចុះត្រជាក់ដល់ -៥២,៣ អង្សាសេដែលជាកម្រិតត្រជាក់ខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះ។ សីតុណ្ហភាពត្រជាក់នេះបានធ្វើឲ្យតំបន់ខាងលើបំបែកកំណត់ត្រាមានសីតុណ្ហភាពចុះទាបបំផុតមិនធ្លាប់នោះទេបើគិតក្នុងរយៈពេល ៦៤ឆ្នាំចុងក្រោយនេះ។

គេនៅចាំបានបានថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៦០ តំបន់ដដែលនេះក៏ធ្លាប់បានជួបប្រទះនូវសីតុណ្ហភាពកម្រិតទាបខ្លាំងម្តងដែរ ដោយពេលនោះសីតុណ្ហភាពបានធ្លាក់ចុះដល់ -៥១,៥ អង្សាសេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះពុំមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថាមានពលរដ្ឋចិនបានរងគ្រោះថ្នាក់ពីបញ្ហាសីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះនៅឡើយទេ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២កន្លងទៅនេះតំបន់ភាគខាងជើងខេត្ត Heilongjiang ប្រទេសចិនក៏បានជួបប្រទះនឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំងម្តងដែរ ដោយពេលនោះសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ -៥៣ អង្សាសេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






