បុគ្គលិកធ្វើការងារបោះឆ្នោតនៅឥណ្ឌូនេស៊ី ៧១នាក់បានបាត់បង់ជីវិត និង ៤ពាន់នាក់បានធ្លាក់ខ្លួនឈឺក្រោយព្យាយាមធ្វើការជាច្រើនម៉ោងដោយគ្មានពេលសម្រាក
- BY
- Pheakdey
- February 19, 2024
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានបុគ្គលិកធ្វើការងារបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូនេស៊ីចំនួន ៧១នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែអស់កម្លាំងខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះ។ គួររម្លឹកជូនថា ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ ខណៈរហូតមកទល់នឹងពេលនេះកិច្ចការផ្សេងៗទាក់ទងនឹងការបោះឆ្នោតនៅមិនទាន់បិទបញ្ចាប់ជាផ្លូវការនៅឡើយទេ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយគិតត្រឹមពេលនេះក៏នៅមានបុគ្គលិកធ្វើការងារបោះឆ្នោតចំនួន ៤,០០០នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺផងដែរព្រោះបានជួបប្រទះបញ្ហាដូចនេះគ្នា ពោលគឺអស់កម្លាំងខ្លាំងក្រោយព្យាយាមធ្វើការងារជាច្រើនម៉ោងជាប់គ្នាដោយគ្មានពេលសម្រាក។ គួររម្លឹកជូនថា កាលពីពេលបោះឆ្នោតថ្នាក់ជាតិនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៩ក៏មានរឿងរ៉ាវអកុសលដូចនេះកើតឡើងផងដែរ ដោយពេលនោះមានបុគ្គលិកបម្រើការងារនៅតាមការិយាល័យបោះឆ្នោតចំនួន ៥០០នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើនជាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក ដោយមានពលរដ្ឋសរុបប្រមាណជា ២៧៩លាននាក់ ហើយក្នុងនោះពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតមានចំនួន ២០០លាននាក់៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






