ការសិក្សា៖ ពលរដ្ឋកូរ៉េខាងត្បូងវ័យ ៧០ឆ្នាំម្នាក់ក្នុងចំណោម ៤នាក់នៅបន្តធ្វើការងារជាធម្មតា ខណៈភាគច្រើននៃពួកគេមានបំណងចង់បន្តការងារដល់អាយុ ៧៥ឆ្នាំ
- BY
- Pheakdey
- February 20, 2024
កូរ៉េខាងត្បូង៖ ការសិក្សាមួយបានបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុ ៧០ឆ្នាំម្នាក់នៅក្នុងចំណោម ៤នាក់ ឬ ២៤,៥% នៃក្រុមពលរដ្ឋដែលមានអាយុ ៧០ឆ្នាំ នៅតែបន្តធ្វើការងារ ខណៈអាយុចូលនិវត្តន៍ពីការងាររបស់ពលរដ្ឋកូរ៉េខាងត្បូងទូទៅនោះ គឺត្រឹមតែ ៦០ឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសេវាកម្មព័ត៌មានស្ថិតិកូរ៉េ ខណៈកាលបរិច្ឆេតនៃការសិក្សាគឺគិតត្រឹមខែមករា ឆ្នាំ២០២៤នេះ។

លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា គិតត្រឹមពេលនេះ គឺមានពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុ ៧០ឆ្នាំចំនួន ១,៥៥លាននាក់ដែលកំពុងនៅធ្វើការងារ ខណៈកម្លាំងពលកម្មមនុស្សវ័យចំណាស់នេះ គឺស្មើនឹង ៥,៦% នៃកម្លាំងពលកម្មសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្នុងចំណោមពលរដ្ឋវ័យ ៧០ឆ្នាំ ដែលកំពុងតែធ្វើការងារយ៉ាងសកម្មទាំង ១,៥៥លាននាក់នោះទៀតសោធ គឺមានពលរដ្ឋចំនួន ៧៥០,៦០០នាក់ បានបង្ហាញផែនការយ៉ាងច្បាស់ថា ពួកគេនឹងបន្តធ្វើការងារយ៉ាងហោចណាស់ដល់អាយុ ៧៥ឆ្នាំ។ ចំពោះការងារដែលក្រុមមនុស្សវ័យចំណាស់ទាំងនេះកំពុងតែធ្វើវិញ គឺភាគច្រើនធ្វើការងារនៅក្នុងវិស័យកសិកម្ម នេសាទ កសិដ្ឋាន និងប្រភេទការងារដែលមិនទាមទារបច្ចេកទេសខ្ពស់ ពោលគឺគ្រាន់តែទទួលការបណ្តុះបណ្តាលត្រឹមតែ ៣-៤ ប៉ុណ្ណោះមុនពេលចាប់ផ្តើមធ្វើការងារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






