អន្តរជាតិ

សិក្ខាកាមវេជ្ជបណ្ឌិតជាង ៦ពាន់នាក់សុខចិត្តលាឈប់ពីការងារដើម្បីនាំគ្នាមកតវ៉ាជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងដែលមានផែនការចង់បង្កើនចំនួនសិស្សវេជ្ជសាស្រ្តយ៉ាងច្រើននាក់បន្ថែមទៀតនៅឆ្នាំក្រោយ

BY
Pheakdey
February 20, 2024

កូរ៉េខាងត្បូង៖ សិក្ខាកាមវេជ្ជបណ្ឌិតចំនួន ៦,៤១៥នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានសម្រេចបោះបង់ចោលការងារដើម្បីនាំគ្នាមកតវ៉ាប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាលដែលចង់បង្កើនចំនួនសិស្សឲ្យចូលរៀនក្នុងវិទ្យាល័យវេជ្ជសាស្រ្តជាច្រើននាក់បន្ថែមទៀតនៅឆ្នាំក្នុងឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះ។ ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតទាំងជាង ៦ពាន់នាក់ខាងលើនេះគឺមកពីមន្ទីរពេទ្យប្រមាណជា ១០០កន្លែងផ្សេងគ្នា ហើយការសម្រេចបោះបង់ចោលការងាររបស់ពួកគាត់យ៉ាងឆាប់រហ័សដូចនេះក៏បានធ្វើឲ្យគម្រោងវះកាត់និងការព្យាបាលអ្នកជំងឺនៅតាមមន្ទីរមួយចំនួនត្រូវពន្យាពេលផងដែរ។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានផ្តើមកើតឡើងជិតមួយសប្តាហ៍មកហើយ ក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការចង់បង្កើតចំនួនសិស្សឲ្យចូលសិក្សាក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខណៈនាពេលបច្ចុប្បន្ននេះផែនការជ្រើសរើសសិស្សពេទ្យប្រចាំឆ្នាំមានចំនួន ៣,០៥៨នាក់រួចហើយ។ ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានបង្ហាញផែនការចង់បានវេជ្ជបណ្ឌិតចំនួន ១០,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០៣៥​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតវេជ្ជបណ្ឌិតនាពេលបច្ចុប្បន្ន។ យ៉ាងណាក្តី សម្រាប់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតខាងលើនិងក្រុមអ្នកបម្រើការងារនៅក្នុងវិស័យវេជ្ជសាស្រ្តនៅកូរ៉េខាងត្បូងមួយចំនួន​បានយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលខាងលើនេះគឺជាផែនការបង្កើតឲ្យមានក្រុមគ្រូពេទ្យច្រើនលើសពីតម្រូវការនៅពេលអនាគត និងធ្វើឲ្យហិរញ្ញវត្ថុនៃផែនការធានារ៉ាប់រងសុខភាពជាតិកាន់តែអាក្រក់ខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: