អន្តរជាតិ

ក្រុមហ៊ុនធំមួយរបស់សិង្ហបុរីប្រកាសផ្តល់រង្វាន់ ១ពាន់ដុល្លារក្នុងម្នាក់ដល់បុគ្គលិក ៤,៦០០នាក់ដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគេក្នុងបរិបទវិបត្តិសេដ្ឋកិច្ចសកល

BY
Pheakdey
February 21, 2024

សិង្ហបុរី៖ ក្រុមហ៊ុន OCBC Group បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិកជាន់ទាបរបស់ខ្លួនដែលកំពុងបម្រើការងារនៅក្នុងប្រទេសសិង្ហបុរីជាទឹកប្រាក់ម្នាក់ ១,០០០ដុល្លារដើម្បីជួយដោះស្រាយបញ្ហាជីវភាពរបស់ពួកគេដែលបានរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រុមបុគ្គលិកដែលមានសំណាងទទួលបានប្រាក់រង្វាន់សម្រាប់លើកស្ទួយជីវភាពនេះមានចំនួនប្រមាណជា ៤,៦០០នាក់ ខណៈប្រាក់រង្វាន់ដែលពួកគេនឹងត្រូវទទួលបាននោះគឺនឹងត្រូវបើកជូនតែម្តងឲ្យគ្រប់ចំនួនទាំងអស់តែម្តង។ 

ចំពោះកាលបរិច្ឆេទនៃការផ្តល់ជូនប្រាក់រង្វាន់វិញនៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ តែខាងតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន OCBC Group អាចនឹងត្រូវធ្វើឡើងនៅអំឡុងពេលចុងខែកុម្ភៈនេះ ឬយ៉ាងយូរនៅដើមខែមីនា។ ប្រភពខាងលើបានបន្តថា ចំនួនបុគ្គលិក ៤,៦០០នាក់ ដែលនឹងត្រូវទទួលបានប្រាក់រង្វាន់ខាងលើនេះ គឺស្មើនឹងកម្លាំងពលកម្ម ៤០%នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុន OCBC Group នៅទូទាំងពិភពលោក ខណៈខាងក្រុមហ៊ុនបានត្រៀមថវិកាចំនួន ៩លានដុល្លារសម្រាប់ផ្តល់ជាប្រាក់រង្វាន់ដល់ក្រុមបុគ្គលិកគោលដៅនៅទូទាំងពិភពលោកប្រមាណជា ១៤,០០០នាក់។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន OCBC Group មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធមួយចំនួនដូចជា Bank of Singapore, OCBC Securities និងក្រុមហ៊ុន Great Eastern Holdings ជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: