អន្តរជាតិ

សិក្ខាកាមវេជ្ជបណ្ឌិតដែលសុខចិត្តលាឈប់ពីការងារដើម្បីមកតវ៉ាប្រឆាំងផែនការដំឡើងកូតាសិស្សឲ្យចូលរៀនសកលវិទ្យាល័យវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានកើនឡើងដល់ ៨ពាន់នាក់

BY
Pheakdey
February 21, 2024

កូរ៉េខាងងត្បូង៖ ចំនួនសិក្ខាកាមវេជ្ជបណ្ឌិតដែលបាននាំគ្នាចូលរួមតវ៉ាប្រឆាំងនឹងផែនការបង្កើតកូតាចំពោះឲ្យចូលរៀនក្នុងសកលវិទ្យាល័យវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលកូរ៉េខាងបានកើនឡើងដល់ ៨,០០០នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈនេះ។ ចំនួនអ្នកតវ៉ានេះបានកើនឡើងយ៉ាង​គំហុក ដ្បិតកាលពីថ្ងៃម្សិលមិញចំនួនអ្នកតវ៉ាមានត្រឹមចំនួន ៦,០០០នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការចង់បង្កើតកូតាសិស្សឲ្យចូលសិក្សាក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខណៈនាពេលបច្ចុប្បន្ននេះផែនការជ្រើសរើសសិស្សពេទ្យប្រចាំឆ្នាំ គឺមានចំនួន ៣,០៥៨នាក់។ ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបង្ហាញផែនការចង់បានវេជ្ជបណ្ឌិតចំនួន ១០,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០៣៥​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតវេជ្ជបណ្ឌិតនាពេលបច្ចុប្បន្ន។

យ៉ាងណាក្តី សម្រាប់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតខាងលើ និងក្រុមអ្នកបម្រើការងារនៅក្នុងវិស័យវេជ្ជសាស្រ្តនៅកូរ៉េខាងត្បូងមួយចំនួន​បានយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលខាងលើនេះ គឺជាផែនការបង្កើតឲ្យមានក្រុមគ្រូពេទ្យច្រើនលើសពីតម្រូវការនៅពេលអនាគត និងធ្វើឲ្យហិរញ្ញវត្ថុនៃផែនការធានារ៉ាប់រងសុខភាពជាតិកាន់តែអាក្រក់ខ្លាំងផងដែរ។ សូមបញ្ជាក់ថា ការនាំគ្នាទៅធ្វើបាតុកម្មពីសំណាក់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតដ៏ច្រើនខាងលើនេះ ក៏បានធ្វើឲ្យគម្រោងវះកាត់ និងការព្យាបាលនៅតាមមន្ទីរមួយចំនួនត្រូវពន្យាពេលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

 

 

Share This Post: