ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថចំនួន ៤មុខនេះ ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកាពីក្រសួង

BY
Khmernote Media
February 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd ។

ក្រសួងសុខាភិបាល ពិនិត្យឃើញមានឱសថចំនួន ០៤មុខ ឈ្មោះ ១. CRESTOR 5mg ២. CRESTOR 10mg M.NEXIUM 20mg G.NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងឱសថដែលកំពុងចែកចាយដោយក្រុមហ៊ុន MGHKH- Healthcare Co., Ltd ដូចមានរូបភាពភ្ជាប់មកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ឱសថគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែល ត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជីកាដូចមានគំរូ ភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ឱសថដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំង ជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មាន លេខបញ្ជិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤ ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕

ប្រភព​៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: