នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ សូមយកឯកសារទៅផ្ទៀតផ្ទាត់ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ
- February 22, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារទៅផ្ទៀងផ្ទាត់ ក្រោយបង្ក្រាបទីតាំងទទួលផលចោរកម្ម រកឃើញម៉ូតូ៣២គ្រឿងគ្មានភាពប្រក្រតី និងស្លាកលេខចំនួន៣២សន្លឹក។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលក្រុមការងារព័តមានទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទីតាំងទទួលផលចោរកម្មនេះ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យម្នាក់ទៅចង្អុលបង្ហាញទីតាំងទទួលចោរកម្មខាង និងឆែករកឃើញម៉ូតូ ស្លាកលេខ និងឯកសារជាច្រើនទៀត ខណៈម្ចាស់ទីតាំងរត់គេចខ្លួនបាត់៕









- Share This Post:






