អន្តរជាតិ

អង្គការ Foodwatch ប្តឹងក្រុមហ៊ុន Nestle ជុំវិញករណីក្លែងបន្លំគុណភាពទឹកបរិសុទ្ធ

BY
Pheakdey
February 22, 2024

បារាំង៖ អង្គការឃ្លាំមើលគុណភាពចំណីអាហារដ៏សកម្មមួយនៅអឺរ៉ុប Foodwatch បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនចំណីអាហារធំៗនៅលើពិភពលោកចំនួន ២ ជុំវិញករណីក្លែងបន្លំគុណភាពទឹកបរិសុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រុមហ៊ុនដែលកំពុងរងនូវពាក្យបណ្តឹងខាងលើនេះរួមានក្រុមហ៊ុន Sources Alma group និងក្រុមហ៊ុន Nestle Water ដែលបានផលិតទឹកបរិសុទ្ធជាម៉ាកច្រើនដូចជា Perrier និង Vittel។

បើយោងតាមរបាយការណ៍របស់ Foodwatch បានបង្ហាញថា ទឹកបរិសុទ្ធចំនួន ៣០%របស់ក្រុមហ៊ុនទាំង ២ខាងលើ ដែលកំពុងដាក់លក់នៅទូទាំងប្រទេសបារាំងគឺពុំមានគុណភាពខ្ពស់ដូចអ្វីដែលក្រុមហ៊ុនបានសរសេរបញ្ជាក់នៅលើដបទឹកសុទ្ធឡើយ ដោយក្រុមហ៊ុនបានបញ្ជាក់ថាទឹកសុទ្ធទាំងនោះគឺជាប្រភេទ “ទឹករ៉ែ” (Mineral Water) តែជាក់ស្តែងវាគ្រាន់តែជាទឹកចម្រោះដោយម៉ាស៊ីនធម្មតាប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ទឹកបរិសុទ្ធដែលជាប្រភេទ “ទឹករ៉ែ” គឺជាប្រភេទទឹកដែលត្រូវបានគេច្រោះតាមបែបធម្មជាតិប្រកបដោយគុណភាពខ្ពស់បំផុត ហើយទឹកប្រភេទនេះគឺមានផ្ទុកទៅដោយជាតិរ៉ែដែលល្អសម្រាប់សុខភាពអ្នកទទួលទានច្រើនជាងទឹកបរិសុទ្ធធម្មតា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: