ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បំភ្លឺករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរតាមទីសាធារណៈ

BY
Khmernote Media
February 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានធ្វើការអញ្ជើញអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាព។

ជុំវិញករណីនេះបន្ទាប់មក ក៏មានអ្នកលេងតាមបណ្តាញសង្គមមួយចំនួនបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញនូវមតិមួយចំនួនមិនសប្បាយចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ថាមន្ត្រីនគរបាលមិនលើកទឹកចិត្តក្នុងការលើកស្ទួយវិស័យទេសចរណ៍។

ជុំវិញបញ្ហានេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ ការប្រកបមុខរបរធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរ ដើម្បីបង្កើនជីវភាពនិងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្តដែលធ្វើដំណើរតាមដងផ្លូវ គឺដែលមានការប្រើប្រាស់មធ្យោបាយ ជាពិសេសរថយន្តត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ផ្លាកលេខនិងល្បឿន។ ប៉ុន្តែច្បាប់បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់ (បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្មបើកភោជនីយដ្ឋាននៅក្នុងកន្លែងទេសសចរណ៍ដើរកម្សាន្តស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ជាងនេះដោយឃើញការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈដែលមានការចាក់ចម្រៀង ច្រៀងរាំគងរំពង និងពិសាស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានិភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យបង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អនៅក្នុងសង្គម។

ម្យ៉ាងវិញទៀតគាត់ដឹកភ្ញៀវបម្រើសេវាស្រាបៀរជូនដល់ភ្ញៀវចំពោះមធ្យោបាយកែច្នៃខុសលក្ខណៈបច្ចេកទេស ប្រសិនពួកគាត់ស្រវឹងខ្វះការប្រុងប្រយ័ត្នបើក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុណាមួយពេលធ្វើដំណើរលើដងផ្លូវ ថាតើអាចធានាសុវត្ថិភាពដល់ភ្ញៀវបានទេ។ ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈ តាមរយៈធ្វើដំណើរចល័តលើដងផ្លូវបែបនេះ ជាការជំរុញឱ្យអ្នកដទៃនាំគ្នាធ្វើសកម្មភាពតតាមគ្នា បង្កប៉ះពាល់សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលសមត្ថកិច្ចកំពុងពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ។ ខ្លឹមសារដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: