មនុស្ស ២នាក់បានបាត់បង់ជីវិត និង ៣នាក់កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់កប៉ាល់មួយគ្រឿងបើកទៅបុកស្ពានមួយកន្លែងនៅប្រទេសចិន
- BY
- Pheakdey
- February 22, 2024
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដែលមានកប៉ាល់មួយគ្រឿងបានបើកទៅបុកស្ពានមួយខែ្សនៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈនេះ។ ស្ពានដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Lixinsha ជាស្ពានសម្រាប់ឆ្លងកាត់ទន្លេ មានទីតាំងស្ថិតក្នុងក្រុង Guangzhou ភាគខាងត្បូងនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយកប៉ាល់បានបើកទៅបុកនឹងស្ពានគឺវាបានធ្វើឲ្យរថយន្តចំនួន ២គ្រឿងត្រូវធ្លាក់ចុះទៅក្នុងទឹក ខណៈគិតត្រឹមពេលនេះមនុស្សចំនួន ៣នាក់ដែលបានជិះនៅក្នុងរថយន្តទាំងនោះបានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយទេ។ តាមការសន្និដ្ឋានរបស់អាជ្ញាធរចិនគឺមនុស្សដែលកំពុងតែបាត់ខ្លួនទាំង ៣នាក់នោះទំនងជាបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយសពរបស់ពួកគេប្រហែលជាបានហូរទៅឆ្ងាយពីកន្លែងកើតហេតុ ទើបបានជាក្រុមអ្នកជួយសង្គ្រោះមិនអាចរកពួកគេឃើញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






