រដ្ឋជាច្រើននៅឥណ្ឌាសម្រេចហាមឃាត់មិនឲ្យលក់ស្ករសំឡី ក្រោយអ្នកជំនាញរកឃើញថាអាហារប្រភេទនេះអាចបង្កឲ្យមានជំងឺមហារីក
- BY
- Pheakdey
- February 22, 2024
ឥណ្ឌា៖ រដ្ឋជាច្រើននៅក្នុងប្រទេសបានសម្រេចធ្វើការហាមឃាត់មិនមានលក់ស្ករសំឡីនៅតាមទីសាធារណៈទៀតនោះទេ ក្រោយក្រុមអ្នកជំនាញបានរកឃើញថាអាហារដែលកំពុងតែពេញនិយមខ្លាំងនៅចំណោមពលរដ្ឋវ័យក្មេងមួយប្រភេទនេះមានហានិភ័យខ្ពស់ក្នុងការបង្កឲ្យមានជំងឺមហារីក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា រដ្ឋដែលបានសម្រេចអនុវត្តវិធានការហាមឃាត់ខាងលើនេះមានដូចជា រដ្ឋ Tamil Nadu និង ក្រុង Puducherry ដែលសុទ្ធតែជាទីតាំងមានមនុស្សរាប់លាននាក់កំពុងរស់នៅ។

បើតាមលោក P Satheesh Kumar ដែលជាអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារប្រចាំនៅរដ្ឋ Tamil Nadu បានអះអាងថា នៅក្នុងស្ករសំឡីគឺមានផ្ទុកនូវសារធាតុ Rhodamine-B យ៉ាងច្រើន ខណៈនាពេលកន្លងមកមានការសិក្សាបែបវេជ្ជសាស្រ្តជាច្រើនសុទ្ធតែបានរកឃើញថា អ្នកដែលបានទទួលទានសារធាតុ Rhodamine-B ច្រើនលើសកម្រិតគឺអាចមានហានិភ័យនៃការកើតមានជំងឺមហារីកខ្ពស់ណាស់។ សូមបញ្ជាក់ថា ស្ករសំឡីជាប្រភេទអាហារសម្រាប់ញ៉ាំលេងមួយប្រភេទ ដែលត្រូវបានគេធ្វើចេញពីម្សៅស្ករមានជាច្រើនពណ៌គួរឲ្យចាប់អារម្មណ៍ មានលក្ខណៈទន់ដូចសំឡី និងងាយរលាយពេលដាក់ចូលក្នុងមាត់ ហើយជាទូទៅអាហារប្រភេទនេះច្រើនមានដាក់លក់នៅតាមកន្លែងកម្សាន្ត និងសួនសាធារណៈជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






