អន្តរជាតិ

អាជ្ញាធរអូស្រ្តាលីបង្ខំជម្លៀសពលរដ្ឋជាង ២,០០០នាក់ជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ពីបញ្ហាភ្លើងឆេះព្រៃ

BY
Pheakdey
February 24, 2024

អូស្រ្តាលី៖ ភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិចរដ្ឋ Victoria ប្រទេសអូស្រ្តាលីបានឈានដល់កម្រិតមួយដែលអាជ្ញាធរលែងអាចគ្រប់គ្រប់បានទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍​ ទី២៤ ខែកុម្ភៈនេះ។ គួររម្លឹកជូនថា ភ្លើង​បានចាប់ផ្តើមឆេះនៅតាមតំបន់ព្រៃដាច់ៗពីគ្នាជាច្រើនកន្លែងតាំងតែពីដើមសប្តាហ៍នេះម្លេះ ហើយពេលនេះវាបានបន្តរាលដាលដល់តំបន់ដែលអាចបង្កគ្រោះថ្នាក់អាយុជីវិតពលរដ្ឋមួយចំនួនផងដែរ។

នៅចំពោះមុខស្ថានភាពអាសន្ននេះអាជ្ញាធរអូស្រ្តាលីបានសម្រេចបង្ខំឲ្យពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះជាង ២,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ បើមិនដូចនោះទេពួកគេអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះការឆ្លើយតបទៅនឹងឥទ្ធិពលរបស់ភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅវិញ អាជ្ញាធរអូស្រ្តាលីបានដាក់ពង្រាយអ្នកពន្លត់អគ្គីភ័យចំនួន​ ១,០០០នាក់ យន្តហោះចំនួន ៥០គ្រឿង រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង និងក្រុមអ្នកសង្គ្រោះបន្ទាន់ជាច្រើននាក់ដើម្បីត្រៀមធ្វើអន្តរាគមន៍ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់ណាមួយកើតឡើង។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៩-២០២០កន្លងទៅ អូស្រ្តាលីបានជួយប្រទះបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៣៣នាក់ និងសត្វចំនួន ៣ពាន់លានក្បាលត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: