ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលដែលចាក់ថ្មចូលទន្លេមេគង្គ នៅស្រុកស្រីសន្ធរ បានចាប់ផ្តើមកាយថ្មដឹកចេញវិញហើយ ក្រោយអាជ្ញាធរខេត្តកំពង់ចាមទុកពេលឲ្យ៧០ថ្ងៃ

    BY Nisaiy KN February 25, 2024
    បុគ្គលដែលចាក់ថ្មចូលទន្លេមេគង្គ នៅស្រុកស្រីសន្ធរ បានចាប់ផ្តើមកាយថ្មដឹកចេញវិញហើយ ក្រោយអាជ្ញាធរខេត្តកំពង់ចាមទុកពេលឲ្យ៧០ថ្ងៃ

    (កំពង់ចាម)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយ សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា បុគ្គលដែលចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ។

    ការយកគ្រឿងចាក់កាយថ្មចេញពីទន្លេវិញ បានធ្វើឡើងក្រោយអាជ្ញាធរខត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ដោយបានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឱ្យបញ្ឈប់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

    រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗអភិបាលខេត្តកំពង់ចាម បានចាត់ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។

    ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។
    រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖

    ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ
    ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក
    ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង។

    ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖

    ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥ ០០០ ០០០)រៀល ដល់ដប់លាន (១០ ០០០ ០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ (១) ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់ លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។

    ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ដែលបានចាត់វិធានការបន្ទាន់ក្នុងការ ទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួងនឹងបន្តតាមដានវិធានការកំណត់ ដែលដាក់ចេញដោយរដ្ឋបាលខេត្ត ចំពោះភាគីម្ចាស់ដី៕





    ប្រភព៖ Freshnews

    Share This Post: