អន្តរជាតិ

ម៉ាឡេស៊ីទាញសញ្ញាអាសន្នកម្រិត១អំពីបញ្ហារលកកម្ពៅនៅតាមតំបន់មួយចំនួន

BY
Pheakdey
February 27, 2024

ម៉ាឡេស៊ី៖ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានទាញសញ្ញាអាសន្នកម្រិត១អំពីបញ្ហារលកកម្តៅនៅតាមតំបន់មួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៦ ខែកុម្ភៈនេះ។ ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ណែនាំឲ្យពលរដ្ឋនៅតាមតំបន់ទាំងនោះបានដឹងអំពីការកើនឡើងសីតុណ្ហភាពក្នុងកម្រិតដ៏ខ្ពស់ និងដើម្បីឲ្យពួកគេបានត្រៀមការពារខ្លួនពីការកើតមានបញ្ហាសុខភាពផ្សេងៗដែលបង្កឡើងដោយរលកកម្តៅ។

ប្រភពខាងលើនេះបានបន្តថា តំបន់ដែលស្ថិតក្រោមការទាញសញ្ញាអាសន្នអំពីបញ្ហារលកកម្តៅនោះរួមមាន តំបន់ Langkawi, Kubang Pasu, Kota Setar, Pokok Sena, Pendang, Kulim, Baling និង Sik ដែលស្ថិតនៅក្នុងរដ្ឋ Perlis តំបន់ Padang Terap នៃរដ្ឋ Kedah តំបន់ Kuala Kangsar នៃរដ្ឋ Perak​ និងតំបន់ Central Seberang Prai ដែលស្ថិតនៅក្នុងរដ្ឋ​ Penang។ យោងតាមតាមការព្យាករណ៍បានបង្ហាញថា តំបន់ខាងលើនេះអាចប្រឈមនឹងសីតុណ្ហភាពក្នុងកម្រិតចន្លោះពី ៣៥-៣៧ អង្សាសេក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time 

 

Share This Post: