អន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូងព្រមានផ្អាកការងារក្រុមវេជ្ជបណ្ឌិតកម្មសិក្សា បើពួកគេមិនព្រមត្រលប់ទៅធ្វើការងារវិញនៅចុងខែកុម្ភៈនេះ

BY
Pheakdey
February 27, 2024

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានព្រមានផ្អាកការងារចំពោះក្រុមវេជ្ជបណ្ឌិតវ័យក្មេង ប្រសិនបើពួកគេមិនត្រលប់ទៅធ្វើការងារវិញនៅចុងខែកុម្ភៈនេះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៦ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះ គឺមានក្រុមវេជ្ជបណ្ឌិតកម្មសិក្សាប្រមាណជា ៨,០០០នាក់ហើយ ដែលបាននាំគ្នាទៅធ្វើបាតុកម្មប្រឆាំងជាមួយនឹងគម្រោងរដ្ឋាភិបាល ខណៈចំនួនអ្នកទៅធ្វើបាតុកម្មនេះ គឺស្មើនឹងចំនួន ២ភាគ៣ នៃវេជ្ជបណ្ឌិតវ័យក្មេងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។

គួរកត់សម្គាល់ថា បាតុកម្មបានអូសបន្លាយអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយក្រុមវេជ្ជបណ្ឌិតកម្មសិក្សាមិនចង់ឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបង្កើនកូតានិស្សិតឲ្យចូលរៀនសាកលវិទ្យាល័យវេជ្ជសាស្រ្តប្រចាំឆ្នាំនោះទេ ដ្បិតពួកគេយល់ឃើញថា ការបង្កើនចំ​នួននិស្សិតដ៏ច្រើននេះ នឹងបង្កើតឲ្យមានគ្រូពេទ្យច្រើនលើសពីតម្រូវការនៅពេលអនាគត។ សូមបញ្ជាក់ថា តាមគម្រោង គឺរដ្ឋាភិបាលកូរ៉េខាងចង់បង្កើនកូតានិស្សិតឲ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២,០០០នាក់បន្ថែមទៀតជារៀងរាល់ឆ្នាំចាប់ពីឆ្នាំក្រោយទៅដើម្បីឆ្លើយតបទៅនឹងការខ្វះខាតគ្រូពេទ្យនៅទូទាំងប្រទេស ខណៈតាមផែនការគិតត្រឹមឆ្នាំ២០២៤នេះ គឺរដ្ឋាភិបាលខាងកូរ៉េខាងត្បូងបានកំណត់ជ្រើសរើសនិស្សិតពេទ្យត្រឹមតែ ៣,០៥៨នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ សូមបញ្ជាក់ជូនផងដែរថា ក្រោយក្រុមវេជ្ជបណ្ឌិតកម្មសិក្សាជាច្រើនពាន់នាក់នាំគ្នាឈប់ទៅធ្វើការងារដើម្បីទៅធ្វើបាតុកម្មនោះ គឺវាបានធ្វើឲ្យសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យជាច្រើនត្រូវពន្យាពេល ឬលុបចោលផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: