អន្តរជាតិ

​ប្តីប្រពន្ធមួយគូត្រូវប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនក្រោយបំបៅទឹកដោះគោកូនដោយមានលាយជាមួយសារធាតុខុសច្បាប់

BY
Pheakdey
February 27, 2024

ម៉ាឡេស៊ី៖ ប្តីប្រពន្ធមួយគូត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីចាប់ខ្លួនក្រោយពួកគេបានបំបៅទឹកដោះគោកូនដោយមានលាយជាមួយនិងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី២៧ ខែកុម្ភៈនេះ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងរដ្ឋ Selangor ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី ខណៈបុរសជាប្តីត្រូវបានគេបង្ហាញត្រឹមថាមានអាយុ ៤០ឆ្នាំ និងស្រ្តីជាប្រពន្ធមានអាយុ ៣៤ឆ្នាំ។

ប្រភពខាងលើបានបន្តថា ប្តីប្រពន្ធទាំង២នាក់នេះគឺជាអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ហើយនៅក្នុងថ្ងៃកើតហេតុនោះគឺពួកគេបានស្រវឹងគ្រឿងញៀនយ៉ាងខ្លាំងរហូតលែងដឹងខុសត្រូវ (បែកថ្នាំ) ទើបបានជាពួកគេច្រឡំយកម្សៅមេតំហ្វេតាមីនទៅលាយជាមួយទឹកដោះគោដើម្បីឆុងឲ្យកូនញ៉ាំ។ ក្រោយញ៉ាំទឹកដោះគោនោះរួចទារកដែលមានអាយុត្រឹមតែ ១៦ខែក៏បានយំយ៉ាងខ្លាំងមិនបាត់ទាល់តែសោះរហូតដល់មានគេជួយនាំយកទៅមន្ទីរពេទ្យ ហើយក្រោយមកទើបស្រ្តីជាម្តាយរបស់ទារកបានសារភាពប្រាប់ពីសកម្មភាពដែលរូបគាត់និងប្តីបានធ្វើចំពោះកូនក្នុងពេលដែលពួកគាត់កំពុងតែបែកថ្នាំ។ បើតាមប៉ូលិសជំនាញម៉ាឡេស៊ីបានបញ្ជាក់ថា ប្តីប្រពន្ធទាំង ២នាក់នេះអាចប្រឈមនឹងការពិន័យជាប្រាក់ចំនួន ២០,០០០រីងហ្គីត (៤,១៩២ដុល្លារអាមេរិក) ឬជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬអនុវត្តទោសទាំងការពិន័យជាប្រាក់និងជាប់ពន្ធនាគាររួមគ្នាតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: