អន្តរជាតិ

កូរ៉េខាងត្បូងអះអាងថា​ កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងចំនួន ៦,៧០០កុងទីន័រទៅកាន់រុស្ស៊ី

BY
Pheakdey
February 28, 2024

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងរាប់លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ីកាលពីអំឡុងខែកក្កដាកន្លងទៅសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាម​នៅអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍សិក្សារបស់កូរ៉េខាងត្បូងដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ។ គ្រាប់កាំភ្លើងទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់ទឹកដីរុស្ស៊ីតាមរយៈកប៉ាល់ ដោយវាមានចំនួនសរុប ៦,៧០០ កុងទីន័រ។

បើតាមលោក Shin Won-sik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងកុងទីន័រទាំងអស់នោះអាចមានផ្ទុកទៅដោយគ្រាប់កាំភ្លើងធំប្រភេទ ១៥២មីលីម៉ែត្រចំនួន ៣លានគ្រាប់ ឬគ្រាប់កាំភ្លើងប្រភេទ ១២២មីលីម៉ែត្រចំនួន ៥០០,០០០គ្រាប់ ឬក៏អាចលាយបញ្ចូលគ្នានូវគ្រាប់កាំភ្លើងទាំង ២ប្រភេទនេះ ដែលមានចំនួនសរុបប្រហែលជា ២-៣លានគ្រាប់។ ប្រភពខាងលើបានបន្តថា បរិមាណគ្រាប់កាំភ្លើងខាងលើនេះគឺអាចមានចំនួនស្មើនឹង ៣០%នៃចំនួនគ្រាប់កាំភ្លើងសរុបដែលមាននៅក្នុងប្រទេសកូរ៉េខាងជើង ហើយថ្នូរដែលទីក្រុងព្យុងយ៉ាងអាចទទួលបានពីការបញ្ជូនគ្រាប់កាំភ្លើងនេះគឺរុស្ស៊ីបានបញ្ជូនមកវិញនូវស្បៀងអាហារផ្សេងៗដែលមានចំនួនសរុប ៩,០០០កុងទីន័រផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: