អន្តរជាតិ

ថៃគ្រោងប្រើប្រាស់យន្តហោះបង្កើតទឹកភ្លៀងសិប្បនិម្មិត ៣០គ្រឿងដើម្បីឆ្លើយតបជាមួយនឹងបញ្ហាបំពុលបរិយកាសនិងរលកកម្តៅ

BY
Pheakdey
March 1, 2024

ថៃ៖ ប្រទេសថៃគ្រោងនឹងប្រើប្រាស់យន្តហោះបង្កើតទឹកភ្លៀងសិប្បនិម្មិតចំនួន ៣០គ្រឿង ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាបំពុលបរិយាកាសនិងបន្ធូរបន្ថយបញ្ហាអាកាសធាតុ​ក្តៅស្ងួតហួតហែងនៅតាមតំបន់កសិកម្មមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គម្រោងខាងលើនេះត្រូវបានប្រកាសឡើងកាលពីថ្ងៃទី២៩​​ ខែកុម្ភៈម្សិលមិញនេះ ហើយការអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមីនានិងមេសា ខណៈអាជ្ញាធរថៃនៅមិនទាន់បញ្ជាក់ពីថ្ងៃជាក់ស្តែងនៅឡើយទេ។

ប្រភពខាងលើនេះបានបន្តថា​ ការបង្កើតទឹកភ្លៀងសិប្បនិម្មិតនេះនឹងត្រូវធ្វើឡើងនៅទូទាំងខេត្តទាំង ៧៧របស់ថៃ ដោយមានការបែងចែកជាមជ្ឈមណ្ឌលធំៗចំនួន ៧។ ចំពោះយន្តហោះទាំង ៣០គ្រឿងវិញគឺមានយន្តហោះចំនួន ២៦គ្រឿងជារបស់នាយកដ្ឋានបង្កើតទឹកភ្លៀង និងយន្តហោះចំនួន ៤គ្រឿងផ្សេងទៀតត្រូវបញ្ជូនមកពីទ័ពជើងអាកាសថៃ។ សូមបញ្ជាក់ជូនថា តាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានបង្ហាញថា នៅក្នុងរដូវក្តៅឆ្នាំ២០២៤ នេះ ពោលគឺនៅក្នុងអំឡុងខែមីនានិងមេសា សីតុណ្ហភាពនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសអាចនឹងឡើងខ្ពស់ដល់កម្រិត ៤៤,៥ អង្សាសេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: