អន្តរជាតិ

មនុស្ស ៤៣នាក់បានបាត់បង់ជីវិត និង ២២នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងនៅបង់ក្លាដេស

BY
Pheakdey
March 1, 2024

បង់ក្លាដេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារកម្ពស់ ៦ជាន់មួយកន្លែងនៅក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១ ខែមីនានេះ។ អគ្គីភ័យបានផ្តើមឆាបឆេះចេញពីភោជនីយដ្ឋានដ៏ល្បីមួយដែលស្ថិតនៅជាន់ផ្ទាល់ដី ហើយបន្ទាប់មកភ្លើងក៏បានរាលដាលទៅដល់គ្រប់ជាន់តែម្តង។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយ នៅមានមនុស្សចំនួន ២២នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់ធ្ងរផងដែរ ពោលគឺពួកគេត្រូវបានភ្លើងឆេះឡើងរលាកពេញខ្លួន ខណៈពេលនេះពួកគេកំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា អាជ្ញាធរបានប្រើប្រាស់កងកម្លាំងពន្លត់អគ្គីភ័យមកពីអង្គភាពចំនួន ១៣ផ្សេងគ្នា និងប្រើប្រាស់ពេលវេលាសរុបចំនួន ២ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង៕

 

អត្ថបទ៖ភក្តី

ប្រភព៖ The Strait Time

Share This Post: