អន្តរជាតិ

ថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរចិន ២០,០០០នាក់ក្នុងមួយថ្ងៃចាប់ពីខែមីនានេះទៅ

BY
Pheakdey
March 2, 2024

ថៃ៖ សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានដាក់ក្តីរំពឹងទុកថា ប្រទសថៃនឹងទទួលបានភ្ញៀវទេសចរជនជាតិចិនចំនួន ២០,០០០នាក់មួយថ្ងៃចាប់ដើមខែមីនានេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅក្នុងថ្ងៃសៅរ៍ ទី២ ខែមីនានេះ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយផ្អែកថា ចាប់ពីខែមីនានេះតទៅរដ្ឋាភិបាលនៃប្រទេសថៃនិងប្រទេសចិនបានយល់ព្រមអនុវត្តវិធានការលើកលែងទិន្នការជាអចិន្ត្រៃយ៍រវាងគ្នាទៅវិញទៅមក។

តាមរយៈយន្តការលើកលែងទិដ្ឋការខាងលើនេះគឺមានន័យថា ពលរដ្ឋចិនអាចចូលមកក្នុងប្រទេសថៃបានរយៈពេល ៣០ថ្ងៃដោយមិនចាំបាច់ធ្វើការសុំទិដ្ឋការជាមុននោះទេ ខណៈការលើកលែងនេះត្រូវបានអនុវត្តដូចគ្នាចំពោះពលរដ្ឋថៃក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន។ គួរបញ្ជាក់ជូនថា គិតត្រឹមរយៈពេល ២ខែដំបូងក្នុងឆ្នាំ២០២៤នេះ ប្រទេសថៃបានទទួលភ្ញៀវទេសចរចិនជាង ១លាននាក់ ហើយតាមផែនការគឺប្រទេសថៃចង់ទាក់ទាញភ្ញៀវទេសចរចិនឲ្យបានចំនួន ៤០លា​នក្នុងរយៈពេលពេញមួយឆ្នាំ២០២៤នេះ និងបង្កើតប្រាក់ចំណូលឲ្យបានខ្ទង់ ២,៣ លានលានបាត (ជាង ៦៤ពាន់លានដុល្លារ) ពីក្រុមភ្ញៀវទេសចរទាំងអស់នេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖National Thailand

Share This Post: