អាជ្ញាធរឥណ្ឌាបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យរថភ្លើង២គ្រឿងបុកគ្នានាពេលកន្លងមកនិងបណ្តាលឲ្យអ្នកដំណើរ១៤នាក់បាត់បង់ជីវិតគឺដោយសារក្រុមអ្នកបើកបររវល់មើលកីឡា Cricket តាមរយៈទូរស័ព្ទដៃ
- BY
- Pheakdey
- March 4, 2024
ឥណ្ឌា៖ រដ្ឋមន្រ្តីក្រសួងផ្លូវដែកឥណ្ឌានៅក្នុងថ្ងៃចន្ទ ទី៤ ខែមីនានេះបានចេញមកបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យរថភ្លើងចំនួនពីរគ្រឿងបុកគ្នានិងបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ស្លាប់បាត់បង់ជីវិតនាពេលកន្លងមកនោះគឺដោយសារតែក្រុមអ្នកបើកបររវល់មើលកីឡា Cricket តាមរយៈទូរស័ព្ទដៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើនេះបានកើតឡើងនៅក្នុងខែតុលាឆ្នាំ២០២៣កន្លងទៅ និងចំថ្ងៃដែលក្រុមកីឡាករ Cricket ជម្រើសជាតិឥណ្ឌាត្រូវប្រកួតគ្នាជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ One-day World Cup។

គួរបញ្ជាក់ជូនថា កីឡា Cricket គឺជាប្រភេទកីឡាដែលមានប្រជាប្រិយភាពខ្លាំងបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីកីឡាបាល់ទាត់និងជាកីឡាមានប្រជាប្រិយភាពខ្លាំងបំផុតលំដាប់ទី១ នៅក្នុងប្រទេសឥណ្ឌា ខណៈមានពលរដ្ឋឥណ្ឌារាប់រយលាននាក់គឺជាអ្នកតាមដានកីឡាមួយប្រភេទនេះយ៉ាងងប់ងល់បំផុត។ មិនខុសពីពលរដ្ឋឥណ្ឌាភាគច្រើនឡើយ ទាំងអ្នកបើកបរនិងជំនួយការក្នុងរថភ្លើងខាងលើនេះក៏ជាអ្នកគាំទ្រកីឡា Cricket យ៉ាងងប់ងល់ដែរ ហើយនៅក្នុងថ្ងៃកើតហេតុនោះគឺពួកគេបាននាំគ្នាមើលការផ្សាយផ្ទាល់កីឡា Cricket តាមរយៈទូរស័ព្ទដៃយ៉ាងជក់ចិត្តបំផុតក្នុងអំឡុងពេលបើកបរទើបបានជាភ្លេចមើលសញ្ញាសំខាន់ៗជាច្រើននិងបណ្តោលឲ្យរថភ្លើងត្រូវរត់ខុសផ្លូវរហូតទៅបុករថភ្លើងមួយខ្សែទៀតតែម្តង។ យ៉ាងណាក្តី អាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ទេថា ក្រុមអ្នកបើកបើរថភ្លើងដែលបានជួបគ្រោះថ្នាក់ខាងលើនេះនឹងត្រូវផ្តន្ទាទោសកម្រិតណា ឬធ្វើការពិន័យកម្រិតណានោះទេ។ សូមបញ្ជាក់ថា ផ្លូវដែកគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌា ដោយគិតជាមធ្យមនៅក្នុងមួយថ្ងៃគឺមានរថភ្លើងចំនួន ១២,៨១៧គ្រឿងដំណើរការនៅទូទាំងប្រទេសឥណ្ឌា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






