អន្តរជាតិ

របាយការណ៍មួយបង្ហាញថា​ ពលរដ្ឋថៃជាង​ ១០លាននាក់បានរងការគំរាមគំហែងខ្លាំងពីបញ្ហាបំពុលបរិយាកាស

BY
Pheakdey
March 6, 2024

ថៃ៖ បញ្ហាបំពុលបរិកាយបានកំពុងតែក្លាយជាប្រធានបទក្តៅមួយសម្រាប់ប្រទេសថៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនោះគឺបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 ដែលតែងកើតមានទាំងនៅក្នុងទីក្រុងបាងកកនិងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើនទៀត។ បញ្ហាបរិយាកាសនេះបានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បញ្ហាសុខភាពប្រជាជន ការរាំងស្ទះសកម្មភាពធ្វើអាជីវកម្ម ផ្តល់ការរំខានសម្រាប់ការធ្វើដំណើរឬការសិក្សានៅតាមសាលារៀន និងបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនផងដែរ ពោលគឺរដ្ឋាភិបាលត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ដោះស្រាយបញ្ហា ខណៈពលរដ្ឋក៏បានខាតបង់លុយសម្រាប់ព្យាបាលជំងឺនិងខកខានទៅរកប្រាក់ចំណូលជាដើម។

បើយោងតាមរបាយការណ៍មួយរបស់វិទ្យាស្ថានប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យសុខភាពនៃក្រសួងសុខាភិបាលថៃ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែមីនានេះបានបញ្ជាក់ថា បញ្ហាបំពុលបរិយាកាសបានបង្កការគំរាមគំហែងដល់ពលរដ្ឋថៃប្រហែលជា ១០,៥លាននាក់នៅទូទាំងប្រទេសថៃកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈជនរងគ្រោះភាគច្រើនគឺជាពលរដ្ឋរស់នៅក្នុងទីក្រុងបាងកក។​ ប្រភពខាងលើបានបន្តថា គិតត្រឹមរយៈពេល ២ខែដំបូងនៃឆ្នាំ ២០២៤នេះ មានពលរដ្ឋថៃចំនួន ១,៦លាននាក់ហើយ ដែលបានទៅមន្ទីរពេទ្យដើម្បីស្វែងរកសេវាព្យាបាលបញ្ហាសុខភាពផ្សេងៗដែលបានបង្កឡើងដោយសារបញ្ហាបំពុលបរិយាកាស។ បញ្ហាសុខភាពទាំងអស់នោះមានដូចជា ​រលាក​ទងសួត​រ៉ាំរ៉ៃ មហារីក​សួត ជំងឺហឺត និង​បញ្ហាបេះដូងជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖   The Strait Time

Share This Post: