វិស្វកររបស់ក្រុមហ៊ុន Google ម្នាក់ត្រូវចាប់ខ្លួនពីបទលួចយកអាថ៌កំបាំងពាណិជ្ជកម្មក្រុមហ៊ុនដើម្បីផ្តល់ទៅឲ្យក្រុមហ៊ុនចិន ខណៈរូបគាត់ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ១០ឆ្នាំនិងពិន័យ ១លានដុល្លារ
- BY
- Pheakdey
- March 7, 2024
អាមេរិក៖ អតីតវិស្វករផ្នែក Software របស់ក្រុមហ៊ុន Google មួយរូបត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនពីបទលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម្បីផ្តល់ទៅឲ្យក្រុមហ៊ុនចិនចំនួន២ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះ។ ជនសង្ស័យមានឈ្មោះថា Linwei Ding ហើយជាទូទៅគេតែងហៅគាត់ថា Leon Ding មានអាយុ ៣៨ឆ្នាំ ជាពលរដ្ឋមានដើមកំណើតចិន តែបច្ចុប្បន្នបានផ្លាស់ទៅធ្វើការងារនិងរស់នៅសហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា លោក Leon Ding ត្រូវបានគណៈវិនិច្ឆ័យនៃតុលាការសហព័ន្ធប្រចាំទីក្រុង San Francisco កាលពីថ្ងៃទី៥ ខែមីនា សម្រេចចោទប្រកាន់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនចំនួន៤ករណី ហើយនៅក្នុងថ្ងៃទី៦ ខែមីនាអាជ្ញាធរអាមេរិកក៏បានទៅចាប់ខ្លួនគាត់ដល់ផ្ទះតែម្តង ដែលមានអាសយដ្ឋាននៅក្នុងក្រុង Newark រដ្ឋ California។ យោងតាមច្បាប់លោក Leon Ding ត្រូវប្រឈមនឹងការជាប់ពន្ធនាគារចំនួន១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២៥០,០០០ដុល្លារអាមេរិកសម្រាប់បទល្មើសមួយករណី ខណៈរូបលោកត្រូវបានចោទប្រកាន់ចំនួន៤ករណី។ សូមបញ្ជាក់ជូនថា អាថ៌កំបាំងពាណិជ្ជកម្មដែលលោក Leon Ding បានលួចយកពីក្រុមហ៊ុន Google ដើម្បីផ្តល់ទៅឲ្យក្រុមហ៊ុនចិននោះ គឺជាគម្រោងនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






