យុវតីចិនកាន់តែច្រើនសម្រេចចិត្តជ្រើសរើសយកជីវិតនៅម្នាក់ឯង ខណៈអ្នកខ្លះយល់ថា “រៀបការគឺស្ថាប័នអយុត្តិធម៌មួយសម្រាប់ស្រ្តី”
- BY
- Pheakdey
- March 7, 2024
ចិន៖ ស្រ្តីជនជាតិចិនកាន់តែច្រើនបានសម្រេចជ្រើសរើសយកជីវិតនៅលីវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា។ ការសម្រេចចិត្តមិនរៀបការត្រូវបានក្រុមស្រ្តីទាំងនោះធ្វើឡើងក្រោមហេតុផលស្រដៀងៗគ្នា ខណៈអ្នកនាង Chai Wanrou បានឆ្លើយប្រាប់អ្នកកាសែតថា “រៀបការគឺស្ថាប័នអយុត្តិធម៌មួយសម្រាប់ស្រ្តី”។ ស្រ្តីដែលមានការងារជាអ្នកសរសេរអត្ថបទឯករាជ្យរូបនេះបានបញ្ជាក់ថា រូបគាត់គ្មានគម្រោងយកប្តី និងយកកូននោះទេក្នុងមួយជីវិតនេះ។

ស្រី្តវ័យ ២៨ឆ្នាំរូបនេះបានបន្តថា ក្រោយពេលរៀបការរួចស្រ្តីត្រូវលះបង់ជីវិតរបស់ពួកគាត់ដើម្បីគ្រួសារនិងដើម្បីកូន ហើយជាទូទៅគឺពួកនាងបានបាត់បង់ឱកាសសម្រាប់អភិវឌ្ឍន៍ខ្លួនទាំងចំណេះដឹងនិងការងារ ហើយសូម្បីតែពេលវេលាសប្បាយរីករាយផ្ទាល់ខ្លួនក៏ស្ទើរតែគ្មានផងដែរ។ សូមបញ្ជាក់ជូនថា យោងតាមរបាយការណ៍មួយរបស់រដ្ឋាភិបាលចិនបានបង្ហាញថា មានពលរដ្ឋចិនដែលមានអាយុលើសពី១៥ឆ្នាំចំនួន ២៣៩លាននាក់គឺកំពុងតែនៅលីវ បើគិតត្រឹមឆ្នាំ២០២១នេះ ហើយយោងតាមការស្ទង់មតិចំពោះពលរដ្ឋនៅលីវចំនួន ២,៩០០នាក់នៅទីក្រុងបានបង្ហាញថា មានស្រ្តីចំនួន ៤៤%គ្មានគម្រោងរៀបការ និងបង្កើតកូននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






