Starbucks នៅតំបន់មជ្ឈិមបូព៌ាគ្រោងបញ្ឈប់បុគ្គលិកចំនួន ២,០០០នាក់
- BY
- Pheakdey
- March 7, 2024
អារ៉ាប់រួម៖ កាហ្វេ Starbucks នៅតំបន់មជ្ឈិមបូព៌ាគ្រោងបញ្ឈប់បុគ្គលិកចំនួន ២,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកដ៏ច្រើននេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុន ដ្បិតទីផ្សារលក់កាហ្វេ Starbucks នៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីភ្លើងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសប៉ាឡេស្ទីនបានកើតឡើងនៅក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។

សូមបញ្ជាក់ថា Starbucks គឺជាក្រុមហ៊ុនកាហ្វេរបស់សហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Alshaya Group ដែលជាក្រុមហ៊ុនខណៈគ្រួសារនិងមានមូលដ្ឋាននៅក្នុងប្រទេសគុយវ៉ែតបានទិញសិទ្ធិផ្តាច់មុខកាហ្វេដ៏ល្បីមួយនេះទៅលក់បន្តនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន Alshaya Group មានហាងកាហ្វេ Starbucks ចំនួន ១,៩០០កន្លែងនៅក្នុងប្រទេសបារ៉ែន ប្រទេសអេហ្ស៊ីប ប្រទេសហ្ស៊កដានី ប្រទេសគុយវ៉ែត ប្រទេសលីបង់ ប្រទេសម៉ារ៉ុក ប្រទេសអូម៉ង់ ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសតួកគី និងប្រទេសអារ៉ាប់រួមជាមួយនឹងបុគ្គលិកសរុបជាង ១៩,០០០នាក់។
គួរកត់សម្គាល់ថា ក្រោយសង្គ្រាមរវាងអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាសប៉ាឡេស្ទីនបានកើតឡើង ពលរដ្ឋដែលជាអ្នកកាន់សាសនាឥស្លាមរាប់លាននាក់នៅជុំវិញពិភពលោកបាននាំគ្នាធ្វើពហិការឈប់ទិញផលិតផលអាមេរិក ដោយហេតុថាសហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអ៊ីស្រាអែលឲ្យធ្វើសង្គ្រាម ហើយសង្គ្រាមបានបណ្តាលឲ្យពលរដ្ឋឥស្លាមស្លូតត្រង់រាប់ពាន់នាក់នៅតំបន់ហ្គាហ្សាត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅរស់នៅក្នុងជំរុំជនភៀសខ្លួនយ៉ាងលំបាកបំផុត។ ព្រោះហេតុផលនេះហើយទើបការលក់កាហ្វេ Starbucks នៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចុះខ្លាំង ដ្បិតប្រទេសនៅតំបន់មជ្ឈិមបូព៌ាទាំងអស់សុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






