អន្តរជាតិ

ចិនកំពុងសាកល្បងប្រើប្រាស់ AI ក្នុងពេលវះកាត់ខួរក្បាលនៅតាមមន្ទីរពេទ្យធំៗ

BY
Pheakdey
March 12, 2024

ចិន៖ បញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI (Artificial Intelligence) កំពុងត្រូវបានក្រុមអ្នកវិទ្យសាស្រ្តយកទៅប្រាស់ជាជំនួយការនៅក្នុងកិច្ចការជាច្រើន រាប់ចាប់តាំងពីកិច្ចការនៅក្នុងវិស័យបច្ចេកវិទ្យា ការកំសាន្ត ការអប់រំ រហូតដល់កិច្ចការនៅក្នុងវិស័យវេជ្ជសាស្រ្តផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១២ ខែមីនានេះបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ជាជំនួយការវេជ្ជបណ្ឌិតក្នុងពេលវះកាត់នៅតាមមន្ទីរពេទ្យធំៗ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមានមន្ទីរពេទ្យចំនួន ៧ហើយនៅក្នុងទីក្រុងប៉េកាំងដែលបានសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ជាជំនួយការនៅក្នុងពេលវះកាត់សរសៃប្រសាទ ខណៈមន្ទីរពេទ្យធំៗមួយចំនួនទៀតនៅទូទាំងប្រទេសចិនរួមទាំងមន្ទីរពេទ្យនៅក្នុងទីក្រុងហុងកុងផងដែរសុទ្ធតែមានគម្រោងសាកល្បងប្រើប្រាស់ជំនួយការ AI ក្នុងការវះកាត់ដូចគ្នានេះនៅខែក្រោយ។ យ៉ាងណាក្តីក្រុមអ្នកវិទ្យាសាស្រ្តចិននៅមិនទាន់ធ្វើការបញ្ជាក់នៅឡើយទេថា ការសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ជាជំនួយការក្នុងពេលវះកាត់នេះអាចទទួលបានគុណសម្បត្តិកម្រិតណា ឬមានចំណុចអវិជ្ជមានយ៉ាងណានោះទេ។ សូមបញ្ជាក់ជូនថា ចិនគឺជាប្រទេសមួយដែលកំពុងតែជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា AI យ៉ាងខ្លាំង ខណៈចិនបានជួលក្រុមអ្នកវិទ្យាសាស្រ្តល្បីៗជាច្រើនមកពីជុំវិញពិភពលោកឱ្យមកធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្រ្តចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ក្នុងវិស័យជាច្រើននិងជាពិសេសនោះគឺការដាក់បញ្ចូលបច្ចេកវិទ្យាឆ្លាតវ័យមួយនេះទៅក្នុងមុខងារទូរស័ព្ទដែលផលិតឡើងដោយក្រុមហ៊ុនចិន៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: