អន្តរជាតិ

បុរសជនជាតិចិនម្នាក់រៀបការជាមួយស្រ្តីចំនួន ២នាក់ក្នុងថ្ងៃជាមួយគ្នា

BY
Pheakdey
March 12, 2024

ម៉ាឡេស៊ី៖ ពិធីមង្គលការមួយដែលមានកូនកំលោះម្នាក់និងកូនក្រមុំចំនួន ២នាក់កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត​ ដ្បិតវាគឺជាករណីដ៏កម្រមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ  ខណៈនៅតាមប្រទេសមួយចំនួនវិញការមានប្រពន្ធពីរគឺត្រូវបានចាត់ជាសកម្មភាពខុសច្បាប់ទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃអង្គារ ទី១២ ខែមីនានេះបានបញ្ជាក់ថា ពិធីមង្គលការដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង Kuching រដ្ឋ Sarawak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា កូនកំលោះនិងកូនក្រមុំទាំង ៣នាក់នេះគឺជាជនជាតិចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ នៅក្នុងថ្ងៃរៀបការកូនក្រមុំទាំង ២នាក់បានបង្ហាញនូវភាពចុះសម្រុងនិងរីករាយជាមួយគ្នាយ៉ាងខ្លាំង ព្រោះអាពាហ៍ពិពាហ៍មួយនេះត្រូវបានរៀបចំឡើងដោយមានការយល់ព្រមពីសំណាក់សាមីខ្លួនទាំងអស់ ពោលគឺគ្មានការបង្ខិតបង្ខំពីភាគីណាមួយឡើយ។ ក្រោយប្រទះឃើញពិធីរៀបការដ៏កម្រមួយ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសម៉ាឡេស៊ីបានបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះបានលើកឡើងថា ចំណងស្នេហាត្រីកោណមួយនេះអាចនឹងមានភាពរង្គោះរង្គើប្រសិនបើបុរសជាប្តីមិនអាចបែងចែកពេលវេលាសម្រាប់រស់នៅជាមួយប្រពន្ធម្នាក់ៗឱ្យស្មើគ្នា​ ខណៈអ្នកខ្លះបានត្រឹមជូនពរឲ្យប្តីប្រពន្ធទាំង ៣នាក់នេះអាចរស់នៅជុំគ្នាប្រកបដោយសុភមង្គលរហូតដល់ចាស់រៀងៗខ្លួន៕

 

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz

 

Share This Post: