អន្តរជាតិ

ឥណ្ឌូនេស៊ីនិរទេសបុរសជប៉ុនដែលជាប់ពាក់ព័ន្ធក្នុងករណីដាក់ប្រាក់វិនិយោគក្លែងក្លាយទំហំជាង ៩០លានដុល្លារ

BY
Pheakdey
March 13, 2024

ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបាននិរទេសបុរសជនជាតិជប៉ុនម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីវិនិយោគក្លែងក្លាយមួយមានទំហំទឹកប្រាក់រហូតដល់ជាង ៩០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បុរសជនជាតិជប៉ុនរូបនេះមានឈ្មោះថា Yusuke Yamazaki អាយុ ៤៣ឆ្នាំ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nishiyama Farm ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Okayama ប្រទេសជប៉ុន។

ប្រភពខាងលើ​បានបន្តថា នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Nishiyama Farm ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កសិដ្ឋានឲ្យក្លាយទៅជាកន្លែងទេសចរបានប្រកាសក្ស័យធន ដែលតាមការពិតវាគឺជាល្បិចបោកប្រាស់ពីសំណាក់ប្រធានក្រុមហ៊ុននិងបក្សពួកមួយចំនួនប៉ុណ្ណោះ ពោលគឺជាការប្រមូលលុយពីក្រុមអ្នកដាក់ប្រាក់វិនិយោគដើម្បីយកទុកក្នុងហោប៉ៅខ្លួនឯងហើយក៏ប្រកាសក្ស័យធនដើម្បីគេចវេះមិនសងប្រាក់ទាំងនោះទៅឱ្យម្ចាស់ដើមវិញ។ ជុំវិញករណីបោកប្រាស់ទ្រង់ទ្រាយធំមួយនេះ អាជ្ញាធរជប៉ុនបានចាប់ខ្លួនមនុស្សចំនួន ៥នាក់រួចហើយកាលពីឆ្នាំ ២០២១ កន្លងទៅ​ ខណៈលោក Yusuke Yamazaki​ បានរត់គេចខ្លួនចេញពីប្រទេសជប៉ុននិងមកលាក់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់ជូនថា ក្រោយពេលនិរទេសបុរសជប៉ុនរូបនេះទៅដល់ប្រទេសកំណើតវិញគឺអាជ្ញាធរជប៉ុននឹងផ្តន្ទាទោសរូបគាត់ទៅតាមផ្លូវច្បាប់ ខណៈគេនៅមិនទាន់ដឹងច្បាស់ថាជនបោកប្រាស់រូបនេះនឹងទទួលទោសកម្រិតណានោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: