អន្តរជាតិ

សិង្ហបុរីនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនដ៏ទំនើបមួយដែលអាចត្រួតពិនិត្យលិខិតឆ្លងដែនរបស់អ្នកដំណើរ ១០នាក់ក្នុងពេលត្រឹមតែ ១នាទី

BY
Pheakdey
March 13, 2024

​សិង្ហបុរី៖ អាជ្ញាធរអន្តោប្រវេសន៍និងប៉ុស្តិ៍ត្រួតពិនិត្យសិង្ហបុរីនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយសម្រាប់ត្រួតពិនិត្យលិខិតឆ្លងដែនរបស់អ្នកដំណើរតាមរថយន្ត​ ដែលអនុញ្ញាតឲ្យអ្នកដំណើរអាចធ្វើការស្កេន QR Code ជំនួសឱ្យការបង្ហាញលិខិតឆ្លងដែនផ្ទាល់ទៅកាន់ប៉ូលិសអន្តោប្រវេសន៍នៅតាមប៉ុស្តិ៍ត្រួតពិនិត្យលិខិតឆ្លងដែន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា បច្ចេកវិទ្យាដ៏ទំនើបនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៩ ខែមីនានេះនៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន ២កន្លែង គឺប៉ុស្តិ៍ត្រួតពិនិត្យ Woodlands និងប៉ុស្តិ៍ត្រួតពិនិត្យ Tuas ។

ប្រភពខាងលើបានបន្តថា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនដ៏ទំនើបនេះបានគឺអ្នកដំណើរទាំងអស់ត្រូវតែទាញយកកម្មវិធី MyICA ដាក់ក្នុងទូរសព្ទដៃជាមុនសិន បន្ទាប់មកត្រូវបំពេញព័ត៌មានលម្អិតនៅក្នុងលិខិតឆ្លងដែនចូលទៅក្នុងកម្មវិធីមួយនេះដើម្បីទុកស្កេនពេលទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យលិខិតឆ្លងដែន។ អ្វីដែលកាន់តែពិសេសនោះគឺកម្មវិធី MyICA ក៏មានមុខងារអនុញ្ញាតឲ្យលោកអ្នកអាចស្កេនលិខិតឆ្លងដែនរបស់អ្នកដំណើរបានរហូតដល់ ១០នាក់ឯណោះក្នុងពេលតែមួយ។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះបានជួយសន្សំសំចៃពេលវេលាយ៉ាងច្រើន ដោយវាត្រូវការរយៈពេលត្រឹមតែ ២០វិនាទីប៉ុណ្ណោះក្នុងការត្រួតពិនិត្យលិខិតឆ្លងដែនរបស់មនុស្សម្នាក់ឬជាក្រុមសម្រាប់មនុស្ស៤ នាក់ និងរយៈពេល ១នាទីសម្រាប់ការត្រួតពិនិត្យលិខិតឆ្លងដែនជាក្រុមសម្រាប់មនុស្ស ១០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: