អន្តរជាតិ

ចិនព្រមានថា គម្រោងហាមឃាត់កម្មវិធី TikTok របស់សភាអាមេរិកនឹងជះឥទ្ធិពលអាក្រក់ដល់សហរដ្ឋអាមេរិកខ្លួនឯង

BY
Pheakdey
March 13, 2024

ចិន៖ អាជ្ញាធរចិននៅក្នុងថ្ងៃពុធ ទី១៣ ខែមីនានេះបានព្រមានថា គម្រោងហាមឃាត់បិទមិនឱ្យប្រើប្រាស់កម្មវិធី TikTok របស់សភាអាមេរិកនឹងជះឥទ្ធិពលអាក្រក់ដល់សហរដ្ឋអាមេរិកខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការចេញសេចក្តីព្រមាននេះត្រូវបានធ្វើឡើងភ្លាមៗក្រោយសមាជិកសភាអាមេរិកបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីគម្រោងធ្វើការកាត់បន្ថយមិនឲ្យពលរដ្ឋអាមេរិកអាចប្រើប្រាស់កម្មវិធី TikTok បានដោយទូលំទូលាយដូចក្នុងពេលបច្ចុប្បន្ន ឬក៏អាចឈានដល់ការបិទកម្មវិធីទាំងស្រុងតែម្តង។

គួរកត់សម្គាល់ថា TikTok ដែលជាកម្មវិធីចែករំលែកវីដេអូកំសាន្តនៅក្នុងទូរស័ព្ទគឺជាកម្មសិទ្ធិរបស់ក្រុមបច្ចេកវិទ្យាចិន ByteDance ខណៈនាពេលកន្លងមកអាមេរិកតែងធ្វើការចោទប្រកាន់ថា កម្មវិធីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោកមួយនេះបានលួចតាមដាននិងប្រមូលយកទិន្នន័យសំខាន់ៗរបស់ពលរដ្ឋអាមេរិកដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ យោងតាមការចោទប្រកាន់នេះ សហរដ្ឋអាមេរិកតែងដាក់សម្ពាធទៅលើក្រុមហ៊ុន ByteDance ជាបន្តបន្ទាប់តាមរយៈគំរាមហាមឃាត់កម្មវិធីមួយនេះឬមិនដូចនោះទេក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនខ្លះទៅអាមេរិកដើម្បីឱ្យអាមេរិកមានសិទ្ធគ្រប់គ្រងលើការប្រើប្រាស់កម្មវិធីនេះនៅលើទឹកដីខ្លួនក្រោមហេតុផលដើម្បីការពារសន្តិសុខឌីជីថលជាតិ។

​ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋអាមេរិកជាង ១៧០លាននាក់កំពុងប្រើប្រាស់កម្មវិធី TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃសម្រាប់ជាកម្សាន្ត និងសម្រាប់ផ្សព្វផ្សាយលក់ផលិតផលមួយចំនួនយ៉ាងមានសក្តានុពលផងដែរ ដូចនេះហើយទើបប្រទេសចិនបានព្រមានថា ការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធី TikTok នឹងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋអាមេរិកជាច្រើនលាននាក់ និងធ្វើឱ្យប៉ះពាល់ដល់ចរន្តនៃលក់ផលិតផលមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: