អន្តរជាតិ

សភាអាមេរិកអនុម័តលើសេចក្តីស្នើច្បាប់ដ៏តឹងរឹងមួយ ដែលមានឥទ្ធិពលអាចបង្ខំឱ្យ TikTok លក់ភាគហ៊ុនឬបិទទាំងស្រុងតែម្តងក្នុងរយៈពេល ៦ខែ

BY
Pheakdey
March 14, 2024

អាមេរិក៖ នៅទីបំផុតសភាអាមេរិកបានអនុម័តលើសេចក្តីស្នើច្បាប់សម្រាប់រឹតបន្តឹងលើការប្រើប្រាស់បណ្តាញសង្គម​ TikTok ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះ។ សេចក្តីស្នើច្បាប់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៣៥២ ទល់នឹងសំឡេងប្រឆាំងចំនួន ៦៥​ នៅក្នុងចំណោមសមាជិកសភាអាមេរិកទាំងអស់ ខណៈសេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីត្រួតពិនិត្យមួយដំណាក់កាលទៀត មុននឹងត្រូវបញ្ជូនទៅដល់សេតវិមានដើម្បីឱ្យលោកប្រធានាធិបតី​ ចូ បៃឌិន ចុះហត្ថលេខាឱ្យប្រើប្រាស់ជាផ្លូវការ។

ប្រភពខាងលើបានបន្តថា តាមរយៈច្បាប់ថ្មីខាងលើនេះគឺអាមេរិកនឹងឥទ្ធិពលក្នុងការបិទកម្មវិធី TikTok ក្នុងរយៈពេលត្រឹមតែ ៦ខែ ឬបង្ខំឱ្យក្រុមហ៊ុនរបស់ចិនមួយនេះត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកដើម្បីអនុញ្ញាតឱ្យអាមេរិកអាចគ្រប់គ្រងលើការប្រើប្រាស់កម្មវិធីមួយនេះនៅលើទឹកដីខ្លួនបាន។ ឆ្លើយតបទទៅនឹងចំណាត់ការខាងលើនេះ លោក Chew Shou Zi ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានព្រមានថា ការហាមឃាត់កម្មកវិធីចែករំលែកវីដេអូដ៏មានសក្តានុពលមួយនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកត្រូវខាតបង់ប្រាក់អស់រាប់ពាន់ដុល្លារ តាមរយៈការបាត់បង់ក្រុមអ្នកលក់ផលិតផលដោយប្រើប្រាស់ TikTok ជាមធ្យោបាយក្នុងការផ្សព្វផ្សាយ​និងបាត់បង់ក្រុមអ្នកផលិតមាតិកាប្លែកៗសម្រាប់រកប្រាក់ចំណូលពី​ ខណៈវាអាចជះឥទ្ធិអាក្រក់ដក់ការងារចំនួន ៣០០,០០០កន្លែងទៅទូទាំងអាមេរិកផងដែរ៕

អត្ថបទ៖​ ភក្តី

ប្រភព៖  Channel News Asia

Share This Post: