អន្តរជាតិ

ភ្ញៀវទេសចរអន្តរជាតិ ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីនៅតំបន់កម្សាន្តកោះបាលី

BY
Pheakdey
March 15, 2024

ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅតំបន់ទេសចរណ៍លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី  ដែលកោះមួយនេះត្រូវបានគេស្គាល់ថាគឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតមួយនៅលើពិភពលោក។ ហេតុការណ៍អកុសលមួយនេះបានកើតឡើងក្រោយតំបន់ខាងលើបានរងនូវសម្ពាធទឹកភ្លៀងយ៉ាងជោគជាំជាច្រើនថ្ងៃ នេះបើយោងតាមការបញ្ជាក់របស់បណ្តាញសារព័ត៌មាន Channel News Asia

បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង​ ២នាក់នោះគឺសុទ្ធតែជាភ្ញៀវទេសចរអន្តរជាតិ ដោយនៅក្នុងនោះមានជនរងគ្រោះម្នាក់គឺជាស្រ្តីវ័យ ៤៧ឆ្នាំ ជាពលរដ្ឋមានសញ្ជាតិអូស្រ្តាលីហើយបច្ចុប្បន្នទទួលបានសិទ្ធទៅរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ខណៈជនរងគ្រោះម្នាក់ទៀតគឺជាបុរស តែគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់គាត់បាននៅឡើយទេ។ សូមបញ្ជាក់ជូនថា​ ឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលងាយនឹងកើតមានគ្រោះធម្មជាតិណាស់ដូចជា ព្យុះ ទឹកជំនន់ បាក់ដី រញ្ជួយដី និងផ្ទុះភ្នំភ្លើងជាដើម ហើយនៅក្នុងសប្តាហ៍នេះហេតុការណ៍បាក់ដីក៏បានផ្តាច់យកជីវិតពលរដ្ឋនៅកោះស៊ូម៉ាត្រាអស់ចំនួន ២៧នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: